ភ្នំពេញ ៖ នាចុងសប្តាហ៍ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ កីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា ត្រូវគេផ្គូរផ្គងឲ្យឡើងតតាំងជួបជាមួយកីឡាករឈាន ហុង អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ខណៈកីឡាករផាន រះ អ្នកប្រដាល់មកពីក្លិបតាព្រហ្មមានជ័យ ជួបសាកកណ្តាប់ដៃនិងកីឡាកររិន សារ័ត្ន អ្នកប្រដាល់នៃក្លិបទីបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅលើសង្វៀនស៊ីអិនស៊ី។
កីឡាករជើងខ្លាំងវ័យក្មេង ឡុង សំណាង ជួបជាមួយកីឡាករឈាន ហុង ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។ បច្ចប្បន្នឡុង សំណាង បានខិតខំប្រឹងប្រែងហ្វឹកហាត់ជាខ្លាំងដើម្បីសាកវិជ្ជាគុនជាមួយកីឡាករមិត្តរួមជាតិ។ ស្នៀតខ្លាំងរបស់ឡុង សំណាង គឺកណ្តាប់ដៃកែង និងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ហើយគេប្រើបានល្អទៀតផង។
ចំណែកកីឡាករឈាន ហុង បន្ទាប់ពីបាត់មុខមួយរយៈដោយសារបួសមក ពេលនេះគេបានឡើងប្រកួតបានប្រមាណជា៣ប្រកួតហើយ។ បើទោះជាឈាន ហុង ខានប្រកួតយូក្តីតែវិជ្ជាគុនរបស់គេអាចប្រើបានដូចមុន ទាស់មិនទាន់រហ័ស និងមានកម្លាំងស៊ុហ្វខ្លាំងដូចមុននោះឡើយ។ ចាំមើលរវាងកីឡាករឈាន ហុង និងកីឡាករឡុង សំណាង នរណាជាអ្នកឈ្នះ?។
ដោយឡែក កីឡាករផាន រះ ត្រូវជួបជាមួយកីឡាកររិន សារ័ត្ន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ការជួបគ្នារវាងអ្នកទាំងពីរត្រូវបានអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ភាគរយនៃការឈ្នះគឺរិន សារ័ត្ន មានភាគរយឈ្នះច្រើនជាង ព្រោះកីឡាករផាន រះ វាយពេលខ្លះឃើញល្អតែពេលខ្លះវាយអន់ ព្រោះចិត្តប្រដាល់របស់គេតូច ហើយអន់ខាងកម្លាំងសុហ្វទៀតផង។
ចំណែកកីឡាករពូកែខាងប្រើកណ្តាប់ដៃនិងជង្គង់ រិន សារដ្ឋ បច្ចប្បន្នគេក៏ជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងម្នាក់ដែរ ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់ កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀតផង។ អញ្ចឹងហើយទើបអ្នកស្នេហាកីឡាប្រដាល់ភាគច្រើននៅតែគាំទ្រកីឡាកររិន សារដ្ឋ ថាគេជាកីឡាករដែលមានសក្តានុពល ហើយមានសមត្ថភាពគួរឱ្យសរសើរ ដោយម្នាក់ៗហាក់សម្តែងនូវទំនុកចិត្តចង់ទស្សនាយ៉ាងខ្លាំងនៅគ្រប់ពេលកីឡាកររូបនេះឡើងរេញប្រកួតម្តងៗនោះ។ ចាំមើលកីឡាកររិន សារដ្ឋ និងកីឡាករផាន រះ នេះនណាជាអ្នកឈ្នះ?៕