បុរសម្នាក់ត្រូវបានក្របីជាន់ជញ្ជ្រាំលើខ្លួនបណ្ដាលឲ្យស្លាប់ ពេលទៅជួយក្របី

0
871

ខេត្តកណ្ដាល ៖ បុរសម្នាក់មានឈ្មោះ បួន ថុល ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋស្នាក់នៅឡឥដ្ឋ ថានសុទ្រី ភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានក្របីជាន់ស្លាប់ កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ ចំណុចព្រែកឫស្សីកែវ ភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

តាមការបំភ្លឺរបស់ចៅរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅវេលម៉ោង០៩ និង០០នាទីព្រឹកថ្ងៃទី១មេសានេះជនរងគ្រោះនិងក្រុមគ្រួសារបានឈប់សម្រាកពីការងារហើយនាំគ្នាមកផ្ទះដើម្បីហូបបាយ ក្រោយពីហូបបាយរួចជនរងគ្រោះក៏បានទៅមើលមង ដោយមានពោងនិងចានដែក យកទៅជាមួយ ពេលទៅដល់កន្លែងកើតហេតុ ជនរងគ្រោះឃើញក្របីមេ១ក្បាល កំពុងជាប់ផុង នៅមាត់ព្រែក ក្នុងកំប្លោកលើមងរបស់ខ្លួន ពេលនោះជនរងគ្រោះ ក៏ចាប់ទាញខ្សែកន្លុះ (ក្នុងគោលបំណងទាញក្របីឡើងគោក) ស្រាប់តែរអិលជើង ធ្លាក់ចូលក្រោមជើងក្របី បណ្ដាលឱ្យក្របីផ្អើលជញ្ជ្រាំជើងលើខ្លួនជនរងគ្រោះបណ្ដាលឲ្យដាច់ខ្យល់ ស្លាប់តែម្ដង។

ក្រោយពីទទួលបាន ព័ត៌មានប៉ុស្តិ៍និងជំនាញបានសហការជាមួយអាជ្ញាធរនិងពេទ្យឃុំចុះមកដល់កន្លែងកើតហេតុនិងផ្ទះរបស់ជនរងគ្រោះធ្វើការពិនិត្យសព ឃើញថា៖ នៅលើខ្លួនសពជនរងគ្រោះមានរលាត់ស្បែកនៅលើទ្រូងខាងឆ្វេង១ចំហៀង ស្នាមរលាត់ស្បែកលើដៃខាងឆ្វេងនិងស្នាមរលាត់ស្បែកនៅលើភ្លៅខាងឆ្វេង ក្រៅពីនោះមិនមានស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើយ។ការសន្និដ្ឋាន វាយតម្លៃរបស់គ្រូពេទ្យបានបញ្ជាក់ថា៖ សពជនរងគ្រោះពិតជាស្លាប់ដោយសារសត្វក្របីជញ្ជ្រាំជើងទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ពិតប្រាកដមែន៕

Facebook Comments
Loading...