ផ្តន្ទាទោសអ្នកលក់អនឡាយបង្ហាញកេរ្តិ៍ខ្មាស ដាក់ពន្ធនាគារ៦ខែតែអនុវត្ត២ខែ១៥ថ្ងៃប៉ុណ្ណោះទោសសល់ព្យួរ

0
1329

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក កិត សុជាតិ នៅព្រឹកថ្ងៃទី២៤ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះវ៉ែន រចនា ហៅថៃ ស្រីនាង ភេទស្រីអាយុ៣៩ឆ្នាំ ដាក់ពន្ធនាគារ៦ខែ តែទោសនេះ ត្រូវអនុវត្តទ័ណ្ឌកម្មក្នុងពន្ធនាគារត្រឹម២ខែ និង១៥ថ្ងៃ ទោសសល់ព្យួរ ក្រោមការចោទប្រកាន់ពីបទរូបភាពនិងសម្ភារៈអាសអាភាស បទបង្ហាញកេរភេទ។

រឿងក្ដីនេះតុលាការបានធ្វើការជំនុំជម្រះកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០  ដោយជនជាប់ចោទអ្នកនាង វ៉ែន រចនា បានឆ្លើយសារភាពនៅក្នុងសវនាការថា ខ្លួនពិតជាបានធ្វើខុសពិតមែន ហើយខ្លួនសូមទទួលស្គាល់នូវអំពើដែលបានធ្វើ។បទល្មើសនេះត្រូវបាន ព្រះរាជអាជ្ញារងចោទតាមមាត្រា៣៨ មាត្រា៣៩ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីការធ្វើអាជីវកម្មផ្លូវភេទ និងមាត្រា២៤៩ បទ.បង្ហាញកេរភេទ។

កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកនាងវ៉ែន រចនា ហៅថៃ ស្រីនាងអ្នកលក់ផលិតផលតាមអនឡាញមិនគិតពីកេរ្តិ៍ខ្មាស ត្រូវបាននគរបាលខណ្ឌទួលគោក បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសផុសរូបភាព និងសម្ភារៈអាសអាភាស។

គួរបញ្ជាក់ថា កាលពីទី១៨ ខែកុម្ភ: ឆ្នាំ២០២០ នាង ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ច នាំខ្លួនយកមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប ដែលធ្វើអោយប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និងបានយល់ព្រមថតជាវីដេអូដើម្បីសុំទោសជាសាធារណ: បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង១១និង៣០ នាទី ក៏បានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ។ ស្រាប់តែម៉ោង២ និង៣៥នាទីរសៀ​លថ្ងៃដដែល ថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ បង្ហាញភាពស្រើបស្រាល ដដែល។

ដោយមានការឯកភាពយល់ព្រមពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀតនិងកសាងសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់តែម្តង៕

Facebook Comments
Loading...