អនុប្រធានការិយាល័យក្រសួងទេសចរណ៍ដែលស្រវឹងបើករថយន្តបុកនគរបាលដួលរេលពេញផ្លូវត្រូវបានបញ្ជូនឡើងតុលាការ

0
297

ភ្នំពេញ ៖ អនុប្រធានការិយាល័យក្រសួងទេសចរណ៍មួយរូបដែលបើកបរក្នុងស្ថានភាពស្រវឹងទៅបុកសមត្តកិច្ចបណ្តាលឲ្យរងរបួសជាច្រើននាក់ ត្រូវបាននគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ បញ្ជូន ឡើងតុលាការចាត់ការតាមច្បាប់ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។

លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ដោយមានការឯកភាពយល់ព្រម ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កដែលបើកបររថយន្តក្នុងស្ថានភាពស្រវឹងឈ្មោះ ឆាយ គឹមហួង ដែលបើកបុកសមត្ថកិច្ចកំពុងអនុវត្តការងាររឹតបន្តឹងច្បាប់ចរាចរណ៍ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ក្នុងខណ្ឌដូនពេញ នឹងត្រូវបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយយោងលើមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវផ្តន្ទាទោសចាប់ពី ៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី២លាន ដល់១០លានរៀល។

គូរបញ្ជាក់ថា កាលពីយប់ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នៅពេលដែលក្រុមការងារត្រួតពិនិត្យរឹតបន្តឹងចរាចរណ៍ផ្លូវគោក នៅក្នុងទឹកដីខណ្ឌដូនពេញ តាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ដឹកនាំប្រជុំជួរដោយលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ក៏មានរថយន្តម៉ាក Highlander មួយគ្រឿង ស្លាកលេខ ភ្នំពេញ 2BD-9867 បានបើកបរក្នុងស្ថានភាពស្រវឹងខ្លាំងដោយឈ្មោះ ឆាយ គឹមហួង បានបើកបុកសមត្ថកិច្ចកំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាច​រណ៍ផ្លូវគោក ដែលបណ្តាលអោយរងរបួសធ្ងន់១នាក់ និងរបួសស្រាល២នាក់ នៅលើមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ខណ្ឌដូនពេញ។ ឥឡូវជនបង្កត្រូវបានបញ្ជូនមកដល់អយ្យការអមសាលាដំបូងហើយ រងចាំការសួរយកចម្លើយរបស់ព្រះរាជអាជ្ញា៕

Facebook Comments
Loading...