អង្គការ UNESCO គាំទ្រទីក្រុងបាត់ដំបង ក្រចេះ និងកំពត ជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិត

0
238

ភ្នំពេញ ៖ អង្គការ UNESCO សម្រេចគាំទ្រឲ្យកម្ពុជាជ្រើស ទីក្រុងបាត់ដំបង ក្រចេះ និងកំពត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិនិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិត ចំណែកម្ហូបអាហារខ្មែរ (Cambodian Gastronomy) ជាពិសេសនំបញ្ចុក ប្រហុក អាមុក និងអំបុកជាដើម និបេតិកភណ្ឌអរូបីផ្សេងទៀត ក៍ត្រូវបានដាក់ក្នុងបញ្ជីត្រៀម (Tenta​tive List) សម្រាប់ស្នើសុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។

ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា ក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជា​មួយគណៈប្រតិភូរអង្គការ UNESCO ដឹកនាំដោយលោក Sardar Umar Al​am នាយកអង្គការ UNESCO ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ធ្វើឡើងក្នុងគោលបំណង ពង្រឹងនូវកិច្ចសហការរវាងស្ថាប័នទាំងពីរ លើការងារទេសចរណ៍ និងទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ ទេសចរណ៍ទីក្រុង និងទេសចរណ៍ម្ហូបអាហារ និងការងារមួយចំនួនផ្សេងទៀត។

អង្គប្រជុំបានឯកភាពគ្នាលើចំណុចការជំរុញការអភិវឌ្ឍវិស័យអេកូទេសចរណ៍ តាមរយៈកា​រ​រួមគ្នាសិក្សាកំណត់តំបន់អេកូទេសចរណ៍ទូទាំងប្រទេស ដោយប្រើប្រាស់យន្តការក្រោមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីស្នើសុំរាជរដ្ឋាភិបាលកំណត់ ជាតំបន់អេកូទេសចរណ៍អាទិភាព ដែលត្រូវអភិវឌ្ឍដោយឈរលើគោលការណ៍ណែនាំមួយច្បាស់លាស់ (Guideline) និងយន្តការកិច្ចសហប្រតិបត្តិការ4P។

អង្គការ UNESCO បានគាំទ្រការដាក់ចេញឲ្យឆាប់រហ័សផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប ដែលក្រសួងទេសចរណ៍ និងក្រុមការងារអន្តរក្រសួងបានកំពុងរៀបចំ ដោយផ្តោតលើតំបន់៦ជាអាទិភាព គឺតំបន់ប្រាសាទអង្គរ ក្រុងសៀមរាប ទន្លេសាប-ព្រែកទាល់ ភ្នំគូលែន បន្ទាយស្រី និងតំបន់សៀមរាបថ្មី ដោយអង្គការ UNESCO នឹងផ្តល់អ្នកជំនាញការដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងផែនការនេះ។

តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍បានលើកឡើងថា «អង្គការ UNESCO គាំទ្រឲ្យកម្ពុជាជ្រើសទីក្រុងមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO (Creative City) ដោយនៅក្នុងនោះ UNESCO សម្លឹងទីក្រុងមួយចំនួនរបស់កម្ពុជា ជាពិសេសទីក្រុងបាត់ដំបង ក្រចេះ និងកំពត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO»។

ក្រៅពីនេះ អង្គប្រជុំបានឯកភាពគ្នាបានគាំទ្រឲ្យមានការដាក់បញ្ចូលនូវម្ហូបអាហារខ្មែរ (Cambodian Gastronomy) ជាពិសេសនំបញ្ចុក ប្រហុក អាមុក និងអំបុកជាដើម និងបេតិកភណ្ឌអរូបីផ្សេងទៀត ដើម្បីដាក់ក្នុងបញ្ជីត្រៀម (Tentative List) សម្រាប់ស្នើសុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។

អង្គប្រជុំក៏បានឯកភាពបង្កើតនូវក្រុមការងារចម្រុះមួយដែលមានក្រសួងទេសចរណ៍ និងអង្គ​ការ UNESCO ដើម្បីអនុវត្តនូវផែនការដែលបានលើកឡើងក្នុងអង្គប្រជុំនេះ៕

Facebook Comments
Loading...