រឿង សោភ័ណ្ឌ កៀកស្មារនិងឡៅ ចន្ទ្រា ឡើងជម្រះបញ្ជីនិងកីឡាករថៃ

0
79

ភ្នំពេញ ៖ កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ឡើងជម្រះបញ្ជីជាមួយកីឡាករថៃផ្លាំងនុម ខណៈកីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចន្ទ្រា អ្នកប្រដាល់នៃក្លិបកងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ឡើងសងសឹកនិងកីឡាករថៃកងមឿងឆាង លើ​សង្វៀននាខេត្តកំពុងចាម នាល្ងាចថ្ងៃសៅរ៍ទី១៩ ខែមករា ឆ្នាំ២០២០នេះ។

កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ​ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួត​ណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់ ​កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត។ ដោយអ្នក​ប្រដាល់​រូប​នេះ មាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការប្រកួត​ច្រើនទាំង​ការប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ។

​កីឡាករដែល​មាន​ដើម​កំណើត នៅ​ឃុំ​ពើក ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល រឿង សោភ័ណ្ឌ មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​មានការ​រីក​ចំ​រើន​ជាង​មុនច្រើនទាំងស្នៀត​គុណ​ទាំងកម្លាំង​ស៊ុហ្វ ពោ​ល​គឺគេ​ហ្វឹកហាត់បាន​ជាប់លាប់ ធ្វើអោយ​កម្លាំង​ស៊ុហ្វ​របស់​គេ​ធានា​បាន​ក្នុងការ​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មានបញ្ហាឡើយ។ ក្នុងការជួបប្រកួតជាមួយកីឡាករថៃផ្លាំងនុម ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរធ្លាប់ជួបគ្នាម្តងកាលចុងឆ្នាំ២០១៩ដោយការប្រកួតទាំង៥ទឹកគឺស្មើរពិន្ទុគ្នា។ ចាំមើលជួបគ្នាលើកនេះ រឿង សោភ័ណ្ឌ ជាអ្នកឈ្នះឬកីឡាករថៃផ្លាំងនុម?។

ដោយឡែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចន្ទ្រា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ឡៅ ចន្ទ្រា មួយ​រយៈ​ចុងក្រោយនេះ​កំពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថាឡៅ ចន្ទ្រា ពិតជាពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុងការប្រកួត​មិត្ត​ភាព​ជាតិនិងអន្តរជាតិ​។ ក្នុងការជួបប្រកួតជាមួយកីឡាករ កីឡាករថៃកងមឿងឆាង នេះក៍ត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ឡៅ ចន្ទ្រា ប្រាកដជាឈ្នះជាក់ជាមិនខាន ព្រោះជួបគ្នា៤លើកកន្លងមកឡៅ ចន្ទ្រា ឈ្នះ២ ស្មើរ១ និងចាញ់១។ ចាំមើលលើកទី៥នេះឡៅ ចន្ទ្រា ជាអ្នកឈ្នះឬកងមឿងឆាង?៕

Facebook Comments
Loading...