អតីតប្រធានក្រុមហ៊ុនតាក់ស៊ី ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំនិងបង្គាប់អោយសងប្រាក់ជាង៤លានដុល្លារ

0
776

ភ្នំពេញ ៖ អតីតប្រធានក្រុមហ៊ុនរថយន្តតាក់ស៊ី ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកកូយ សៅ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ និងបង្គាប់អោយសងប្រាក់ទៅក្រុមហ៊ុនជប៉ុនមួយចំនួនជាង៤លានដុល្លា ក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត។

ជនត្រូវចោទដែលតុលាការផ្ដន្ទាទោសឈ្មោះ សុខ គា ភេទប្រុស អាយុ៤១ ឆ្នាំ ។ជាមួយគ្នានេះចៅក្រមតុលាការក៏បានសម្រេចលើកលែងចោទដៃគូសហការម្នាក់ឈ្មោះ សេង សុភ័ក្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជាប្រធានក្រុមហ៊ុនបង់រំលោះរថយន្តយីហោ សេង ហួត អោយរួចផុតពីបទចោទ។

ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនេះ លោកមេធាវី ម៉ក់ ប៊ណ្ណា មេធាវីការពារក្ដីអោយក្រុមហ៊ុនGPS ជប៉ុន បានអោយដឹងថា កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនជប៉ុនចំនួន២បានសហការគ្នាបើកក្រុមហ៊ុនរថយន្តតាក់ស៊ីមួយដើម្បីបង្កើតការងារអោយប្រជាពលរដ្ឋខ្មែរមានការងារធ្វើ ដោយអោយឈ្មោះ សុខ គា ធ្វើជាប្រធានក្រុមហ៊ុនរថយន្តតាក់ស៊ីនោះ ដោយដំបូងៗឡើយក្រុមហ៊ុនអាចរកស៊ីបានប្រាក់ចំណេញបង់ចូលក្រុមហ៊ុនខ្លះៗ។ លុះក្រោយមកស្រាប់តែរកស៊ីខាតបង់ទៅៗ រហូតដល់មានរថយន្តខ្លះដាច់GPS ហើយក្រុមហ៊ុនតាក់ស៊ីមិនជូនដំណឹងទៅក្រុមហ៊ុនធំ ហើយទីបំផុតរថយន្តតាក់ស៊ីដែលក្រុមហ៊ុនជប៉ុនបំពាក់អោយក្រុមហ៊ុនតាក់ស៊ីចំនួន១២២គ្រឿង ត្រូវបាត់បង់ទាំងអស់ ខាតឡុងចុងអស់ប្រាក់ដើមនិងជំពាក់បំណុលក្រុមហ៊ុនGPSថែមទៀត ក្រោមស្នាដៃដឹកនាំរបស់ឈ្មោះ សុខ គា ទើបក្រុមហ៊ុនជប៉ុនសម្រេចប្ដឹងប្រធានក្រុមហ៊ុនតាក់ស៊ីអោយសងប្រាក់ដើមជាង៤លានដុល្លារនោះ។

ក្រោយមកសមត្ថកិច្ចក៏បានចាប់ខ្លួនឈ្មោះ សុខ គា និងឈ្មោះ សេង សុភ័ក្រ ម្ចាដ់ក្រុមហ៊ុន សេង ហួត បង់រំលោះរថយន្ត ដាក់ឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោសនិហប្រកាសសាលក្រមនេះ។ នៅក្នុងសវនាការ ឈ្មោះ សុខ គា បានសារភាពពីភាពបរាជ័យនៅក្នុងការគ្រប់គ្រងក្រុមហ៊ុនរថយន្តតាក់ស៊ី ទើបធ្វើអោយក្រុមហ៊ុនដួលរលំក្ស័យធន់។

ចំណែកឈ្មោះ សេង សុភ័ក្រ បានបដិសេធថាខ្លួនមិនពាក់ព័ន្ធនិងករណីក្រុមហ៊ុនរថយន្តតាក់ស៊ីទេ ដោយខ្លួនគេពាក់ព័ន្ធតែសំណុំរឿងបង់រំលោះរថយន្តជាមួយនិងអតិថិជនជាង១០០នាក់ប៉ុណ្ណោះ៕

Facebook Comments
Loading...