ក្រុមឃ្មុំមាសកំពង់ស្ពឺ ឈ្នះជើងឯក បាល់បោះជិះរទេះជនពិការថ្នាក់ជាតិឆ្នាំ២០១៩

0
247

ភ្នំពេញ ៖ ក្រុម ​ឃ្មុំមាសកំពង់ស្ពឺ បាន​យក​ឈ្នះ​លើ ក្រុមខ្លាំងឪម៉ាល់មានរិទ្ធបាត់ដំបង ដើម្បី​សម្រេច​គោលបំណងរបស់ខ្លួន ​ក្លាយ​ជាម្ចាស់​ជើងឯក នៃការ​ប្រកួត​ក្របខណ្ឌ​បាល់​បោះជិះរទេះជនពិការ ថ្នាក់ជាតិឆ្នាំ២០១៩ ​ ដែល​រៀបចំឡើងដោយ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។

លោកយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសា​សន៍ថា ការប្រកួតនេះ មានអត្តពលិក មកពីតាមបណ្ដារាជធានីខេត្ត ជាង១០ក្រុមចូលរួម ដោយធ្វើការប្រកួតជម្រុះ យកតែ៤ក្រុមប៉ុណ្ណោះ ឡើងមកលេងនៅវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើង រយៈពេល២ថ្ងៃនៅទីលានព្រីមៀមស្ប៉តក្លឹប ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងនោះមានក្រុម ឃ្មុំមាស កំពង់ស្ពឺ ក្រុមរៃមាស ឧត្តរមានជ័យ ក្រុមអង្គរបាជ័យកំពង់ចាម  និង ក្រុមឪម៉ាល់មានរិទ្ធបាត់ដំបង ដោយប្រកួតតាមរូបមន្ដវិលជុំ ។

ក្នុងការ​ប្រកួត​វិលជុំ​ចុងក្រោយនាព្រឹកថ្ងៃទី២១ ខែវិច្ឆិការនេះ ​ក្រុមឃ្មុំមាសកំពង់ស្ពឺ បាន​បង្ហាញ​នូវទម្រង់លេង ​យ៉ាងល្អ​និងស៊ីសង្វាក់គ្នា ដោយបាន​យក​ឈ្នះ​ក្រុមឪម៉ាល់មានរិទ្ធបាត់ដំបង ជាមួយ​ពិន្ទុ៤១ទល់​នឹង៣២។

លទ្ធផល​នេះបាន​ជួយ​ឲ្យ ក្រុមឃ្មុំមាសកំពង់ស្ពឺ ​បាន​ក្លាយ​ជាម្ចាស់​ជើងឯក អម​ជាមួយពាន រួមនិងថវិកាលើកទឹកចិត្ត១ចំនួន ឯក្រុម​លេខ​២ ឪម៉ាល់មានរិទ្ធបាត់ដំបង ​ទទួលបានពាន១ ​និងប្រាក់រង្វាន់លើកទឹកចិត្ត១ចំនួន។ ចំណែក​ក្រុមអង្គរបាជ័យកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ៣ ក៏ទទួលពានពាននិងប្រាក់រង្វាន់ផងដែរ។

លោកអគ្គលេខា​ធិការ​ បានបញ្ជាក់ថា ជុំវិញ​បច្ចេកទេស​នៃការ​ប្រកួតនេះ «កម្រិត​នៃការ​លេង មាន​ការ​ប្រែ​ប្រួល និង​រីក​ចម្រើន​គួរឲ្យកត់សម្គាល់ នេះបើតាមការវាយតម្លៃពីពីគ្រូបរទេសដែលមកជួយបណ្ដុះបណ្ដាល។ លោកបន្ដថា សម្រាប់នៅក្របខណ្ឌអាស៊ីអាគ្នេយ៍ គឺមានតែថៃប៉ុណ្ណោះ ដែលជាដៃគូស៊ីសងគ្នា តែបើប្រទេសផ្សេងៗទៀត គឺនៅដាច់ឆ្ងាយ។

ចំណែកលោក តែម ម៉ឺន តំណាងគណៈកម្មាធិការជាតិ បាន​ថ្លែងកោតសរសើរ ​ដល់​គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ​ដែល​បាន​ប្រឹង​ប្រែង​រៀបចំ​ឲ្យមានកាបាល់​បោះជិះរទេះ នេះឡើងជាលើកដំបូង។ តាមការកត់សម្គាល់ឃើញថា វិស័យ​បាល់បោះ​របស់​យើង ទាំងផ្នែកអត្តពលិកពិការ និងមិនពិការ កាន់​តែមាន​ការ​រីក​ចម្រើន​ជាបន្ត​បន្ទាប់។ តែទោជាយ៉ាងណា លោក សំណូមពរ ដល់​គណៈគ្រប់គ្រង គ្រូបង្វឹក និងក្រុម​កីឡាករ​ទាំង​អស់ ត្រូវ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម ដ៏​សំខាន់ខាងមុខ»៕

Facebook Comments
Loading...