ភ្នំពេញ ៖ កីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសាលវ័ន្តកីឡា កៀកស្មារនិងកីឡាកររ៉ែន រាជ អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ឡើងជួបកីឡាករអ៊ីរ៉ងSATTARI និងកីឡាករថៃភិតដាំ ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងធសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
កីឡាករជើងខ្លាំងវ័យក្មេង ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃកែង និងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ឡុង សំណាង មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ ក្នុងការជួបប្រកួតជាមួយកីឡាករអ៊ីរ៉ងSATTARI ក្នុងប្រភេទទម្ងន់៦៣.៥គ.ក្រនេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឡុង សំណាង ប្រាកដជាឈ្នះទៀតជាក់ជាមិនខាន ព្រោះគេកំពុងតែឡើងកូដខ្លាំង។ ចាំមើលឡុង សំណាង អាចយកឈ្នះលើកីឡាករអ៊ីរ៉ងSATTARI បានដែរឫយ៉ាងណា?។
ដោយឡែកកីឡាកររ៉ែន រាជ ត្រូវជួបជាមួយកីឡាករថៃភិតដាំ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ ជាមួយកីឡាករលំដាប់របស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
រីឯកីឡាកររ៉ែន រាជ បន្ទាប់ពីគេបាត់មុខពីសង្វៀនមួយរយៈមកវិលមកវិញឃើញថា ស្នៀតប្រកួតរបស់គេនៅល្អដូចមុនដដែល ទាំងកម្លាំងស៊ុហ្វ ស្នៀតជើងទាត់ ជង្គង់ គឺនៅអាចប្រើបានដដែលពិសេសគឺស្នៀតកណ្តាប់ដៃនិងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយស្នៀតខ្លាំងរបស់គេនេះហើយដែលបានគូប្រកួតទាំងជើងចាស់និងជើងថ្មីនាពេលកន្លងមក ព្រោះគេមានចិត្តប្រដាល់ធំមិនរ៊ាថយចំពោះគូប្រកួតណាម្នាក់ឡើយ បើទោះជាគេមានបទពិសោធន៍ច្រើនជាងក៍ដោយ។ ចាំមើលកីឡាកររ៉ែន រាជ និងកីឡាករថៃភិតដាំ នរណាជាអ្នកឈ្នះទទួលបានប្រាក់លានបន្ថែមនោះ?៕