រដ្ឋបាលខេត្តកំពត និងមន្ទីរទេសចរណ៍ខេត្ត ត្រូវធ្វើយ៉ាងណាធានាសេវាស្នាក់នៅឱ្យបានល្អ

0
114

ភ្នំពេញ ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តកំពត និងមន្ទីរទេសចរណ៍ខេត្ត ត្រូវចុះផ្សព្វផ្សាយឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ក្នុងខេត្ត ត្រូវទទួលការកក់បន្ទប់ស្នាក់របស់ភ្ញៀវឡើងវិញ និងសូមកុំដំឡើងថ្លៃហួសហេតុពេក ដើម្បីធានាសេវាស្នាក់នៅឱ្យបានល្អប្រសើរក្នុងពិធីបុណ្យសមុទ្រ នាចុងឆ្នាំ២០១៩ ខាងមុខ។

ប្រភពពីក្រសួងទេសចរបាមឲ្យដឹងថា ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅសាលាខេត្តកំពត នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តកំពត និងមន្ទីរទេសចរណ៍ខេត្ត ត្រូវមើលឡើងវិញ ខណៈក្រុមមន្ត្រីរាជការ ក្រុមសិល្បករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន ក៏កំពុងជួបប្រទះ និងព្រួយបារម្ភពីការខ្វះកន្លែងស្នាក់នៅក្នុងពិធីបុណ្យសមុទ្រនេះ។

បញ្ហានេះក៏ព្រោះតែម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន មិនព្រមទទួលការកក់បន្ទប់ស្នាក់នៅពីភ្ញៀវទាល់តែសោះ ដោយបញ្ជាក់ទាំងមិនសមហេតុផលមកវិញថា ទុកជួលភ្លាមៗនៅពេលពិធីបុណ្យមកដល់ (ក្នុងបំណងដើម្បីទទួលបានតម្លៃថ្លៃជាងការកក់)។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានប្រកាសជំរុញយ៉ាងម៉ឺងម៉ាត់ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល ត្រូវចុះផ្សព្វផ្សាយបន្តដល់ម្ចាស់សេវាស្នាក់នៅទាំងអស់ក្នុងខេត្តឱ្យទទួលការកក់បន្ទប់ស្នាក់នៅពីភ្ញៀវឡើងវិញ ពិសេសមិនត្រូវដំឡើងថ្លៃហួសហេតុពេកឡើយ។ លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «បញ្ហានេះត្រូវតែដោះស្រាយឱ្យបានជាដាច់ខាត»។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានស្នើឱ្យអភិបាលខេត្តកំពត លោក ជាវ តាយ ត្រូវជួយជំរុញការដោះស្រាយបញ្ហានេះឱ្យបានល្អឡើងវិញផងដែរ ហើយលោករដ្ឋមន្ត្រីបានពន្យល់ថា នៅពេលមានពិធីបុណ្យម្ដងៗ ម្ចាស់សេវាស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់នានា គួរតែសប្បាយចិត្តក្នុងការទទួលការកក់បន្ទប់ស្នាក់នៅរបស់ភ្ញៀវ មិនមែនមិនទទួលការកក់បន្ទប់ស្នាក់នៅដូច្នេះទេ។ ម្យ៉ាងទៀត ម្ចាស់សណ្ឋាគារលើភ្នំបូកគោ គួរពិចារណាក្នុងការបញ្ចុះតម្លៃខ្លះ ដើម្បីទាក់ទាញទេសចរទៅទីនោះអោយបានច្រើន។

ជាងនេះទៅទៀតលោកបានជំរុញឱ្យអនុគណៈកម្មការ ត្រូវសហការជាមួយក្រុមហ៊ុនណាមួយ ដើម្បីផ្ដល់សេវាស្នាក់នៅក្នុងតង់ ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរ ពីព្រោះបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ គឺមិនគ្រប់គ្រាន់នោះឡើយ។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ខណៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការរំពឹងទុកថា នឹងមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាលេងកម្សាន្តច្រើនកុះករ៕

Facebook Comments
Loading...