ភ្នំពេញ ៖ លោកសុខ សម្បត្តិ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ លោក ជាខេម៉ា ប្រធានអនុសាខា ព្រមទាំងសមាជិក សមាជិកាអនុសាខាជាច្រើនរូបទៀត បាននាំយកអង្ករ និង ថវិកា១ ចំនួន ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ទៅចែកជូនគ្រួសារចាស់ជរា ក្រីក្រ ចំនួន៧៥គ្រួសារ នៅក្នុងសង្កាត់សំរោងនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកសុខ សម្បតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា បានខិតខំយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ ប្រជាពលរដ្ឋពិសេសគឺនៅពេល ដែលបងប្អូនជួបគ្រោះអាសន្ន ឧបទ្ទវហេតុ ឬ គ្រោះធម្មជាតិផ្សេងៗ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូន ហើយសកម្មភាពមនុស្សធ៌មទាំងនេះធ្វើឡើងគ្រប់ទីកន្លែង ទាំងនៅទីក្រុង និងជនបទ មិនប្រកាន់និន្នាការនយោបាយ ឬព៌ណសម្បុរអី្វឡើយ ឲ្យតែបងប្អូនជួបទុក្ខលំបាកកាកបាទក្រហមកម្ពុជា ជួយបងប្អូនជានិច្ច។
លោក សុខ សម្បត្តិ បន្ដថាកន្លងមក អនុសាខាកាកបាទក្រហមខណ្ឌ បាននាំយក ជាបន្ដបន្ទាប់នូវគ្រឿងសម្ភារៈបរិក្ខារ ដែលជាអំណោយរបស់កាកបាទ ក្រហមកម្ពុជា អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងអំណោយរបស់សប្បុរសជនជាច្រើនទៀត ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានជាបន្ដបន្ទាប់។ លោកបានលើកឡើងថា ទោះជាស្ថានភាពទូទៅនៃសេដ្ឋកិច្ចជាតិមានការរីកចំរើនក៏ដោយ តែក៏នៅមានប្រជាពលរដ្ឋ១ចំនួនតូចនៅជួបការលំបាកខ្វះខាត ដែរគឺចៀសមិនផុតឡើយ។ ដូចនេះហើយបានជាប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោនាយករដ្ឋមន្ដ្រី តែងតែជម្រុញឲ្យមន្ដ្រីថ្នាក់ក្រោម ពិនិត្យមើលឲ្យបានជាប់លាប់ពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ដើម្បីជួយពួកគាត់ឲ្យបានទាន់ពេលវេលា។
អំណោយដែលប្រគល់ជូន នៅពេលនោះ ក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម ទឹកស៊ីអ៊ីវ ទឹកត្រី ព្រមទាំងថវិកាចំនួន៣ម៉ឺន រៀល ដែលក្នុងនោះ១ម៉ឺនរៀលជាថវិការបស់អនុសាខាកាកបាទក្រហមខណ្ឌ និង២ម៉ឺនរៀលទៀត ជាការឧបត្ថម្ភពី ព្រះធម្មៈវិសុទ្ធិវង្ស អ៊ូ សុខអេង រាជាគណៈថ្នាក់ចត្វា និងជាព្រះចៅអធិការ វត្តសុវណ្ណរាសីរតនារាម ហៅវត្តសំរោងកណ្ដាល។
ជាមួយនេះព្រះចៅអធិការ វត្តសំរោងកណ្ដាល បានឧបត្ថម្ភ ដល់កម្លាំងប្រជាការពារ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនយណ៥០នាក់ ក្នុងម្នាក់ទទួលបាន សារ៉ុង១ និងថវិកា១ម៉ឺនរៀល។ ក្រៅពីនេះព្រះធម្មៈវិសុទ្ធិវង្សអ៊ូ សុខអេង បានឧបត្ថម្ភបច្ច័យ ចំនួន៥រយដុល្លាបន្ថែមទៀត ដល់អនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ សម្រាប់ប្រើប្រាស់ក្នុងការជួយដល់តំបន់ដទៃទៀតក្នុងមូលដ្ឋានដែលជួប្រទះការខ្វះខាតផងដែរ៕