វ៉ាន់ វឿន ជួបលីងលំ ខណៈពុទ្ធ សំបូរ ជួបស៊ីឡាប៉ាក់ថៃ ក្នុងការប្រកួតជម្រុះដំបូង

0
908

ភ្នំពេញ ៖ កីឡាករ វ៉ាន់ វឿន អ្នក​ប្រដាល់មក​ពី​ក្លិប​​ឃ្លាំង​មឿង​កីឡា​ខេត្តពោធិសាត់ ជួបកីឡាករថៃលីងលំ ខណៈកីឡាករពុទ្ធ សំបូរ អ្នកប្រដាល់របស់ក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ឡើងដណ្តើមយក៣ពិន្ទុពីកីឡាករ ស៊ីឡាប៉ាក់ថៃ ក្នុងការប្រកួតជម្រុះឆ្ពោះទៅដណ្តើមជើងឯក និងខ្សែក្រវាត់នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៣ ខែសីហា ឆ្នាំ២០១៩នេះ។

កីឡាករវ៉ាន់ វឿន ត្រូវគេ​ផ្តល់​ទំនុកចិត្ត​ឱ្យឡើងប្រកួតជម្រុះឆ្ពោះទៅដណ្តើមជើងឯក​ដោយលើកទីមួយជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះលីងលំ ដោយ​ប្រកួត​ក្នុង​ទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ អ្នក​ប្រដាល់​ថៃលីងលំ នេះធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនដងមក​​ហើយ មានឈ្នះមានចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករវ៉ាន់ វឿន គេ​មាន​កំណត់ត្រា​ប្រកួត​ជាង​ជិត១០០លើក​ហើយ គឺ​ឈ្នះច្រើន​ជាង​ចាញ់ ហើយធ្លាប់ឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេមឆ្នាំ២០១៧ កន្លងមកទៀតផង។ វ៉ាន់ វឿន គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និងជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ វ៉ាន់ វឿន នោះគឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ថៃ​មួយ​មុខ​ប៉ុណ្ណោះ។​ ក្នុងការប្រកួតនេះគេ​មិន​ហ៊ាន​អះអាង​មុន​ថា វ៉ាន់ វឿន អាច​​យកឈ្នះលើលីងលំ​នោះទេ។ ចាំមើលតើ​ វ៉ាន់ វឿន ឈ្នះ​ឬមួយ​ក៏ លីងលំ ជាអ្នកឈ្នះបាន៣ពិន្ទុដំបូង?។

ដោយឡែកកីឡាករពុទ្ធ សំបូរ ត្រូវជួបជាមួយកីឡាកររុស្សីឈ្មោះស៊ីឡាប៉ាក់ថៃ ក្នុងប្រភេទ​ទម្ង​ន់​៦០គីឡូក្រាម អ្នកទាំង២នាក់នេះមិនដែលជួបគ្នាទេកន្លងមក នៅមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែបើតាមការសង្កេតកន្លងមក ពួកគេខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯការប្រកួតរបស់ពុទ្ធ សំបូរ​ កន្លង​មក​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង កលល្បិច​ប្រកួត​ល្អ និង​មាន​ផ្លែ​ល្អ ហើយ​មួយទៀត សំបូរ​មាន​សមត្ថភាព​ប្រដាល់​ខ្ពស់​ថែមទៀត។ ប៉ុន្តែ ពុទ្ធ សំបូរ ក៏​មិនអាច​ធ្វេសប្រហែស​ឬ​មើល​ស្រា​លស៊ីឡាប៉ាក់ថៃ ​បានដែរ ដោយ​ត្រូវ​ប្រុង​ប្រយ័ត្នជានិច្ច​ បើពុំនោះទេនិងបាត់បង់៣ពិន្ទុមិនខាន។ យ៉ាងណាការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ គេ​នៅ​តែ​រំពឹងថា​ពុទ្ធ សំបូរ ជា​អ្នកឈ្នះ​ច្រើនជាងចាញ់។ ចាំមើលកីឡាករពុទ្ធ សំបូរ គេអាច​យក​ឈ្នះលើកីឡាករថៃស៊ីឡាប៉ាក់ថៃ យកបាន៣ពិន្ទុដែរឬយ៉ាងណា?៕

Facebook Comments
Loading...