អភិបាលរាជធានី ប្រកាសរកដំណោះស្រាយសម្រួលទុក្ខលំបាក ឱ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋគ្រប់ខណ្ឌទាំងអស់ក្នុងរាជធនីភ្នំពេញ

0
217

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានប្រកាសរៀបចំវេទិកាសាធារណៈ ឲ្យបានគ្រប់ខណ្ឌ សង្កាត់ នៅទូទំាង រាជធនីភ្នំពេញ ដើម្បីប្រមូលយកនូវបញ្ហាប្រឈមនានា មកបន្តដោះស្រាយសម្រួលទុក្ខលំបាក ឱ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋនិងដើម្បីបង្កើន​មានប្រសិទ្ធភាពការងារ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងសម្រេចបើកវេទិកាសាធារណៈភ្លាមៗ នៅតំបន់ សង្កាត់ខណ្ឌណា ដែលមានបញ្ហាប្រឈមថ្មីៗ កើតឡើងច្រើន ហើយបើកអោយប្រជាពលរដ្ឋចូលរួម ដោយសេរីដោយពុំចាំបាច់ មានលិខិតអញ្ជើញឡើយ ក្នុងការលើកពីទុក្ខកង្វល់ ជាក់ស្ទែងរបស់ខ្លួនស្នើទៅកាន់អាជ្ញាធរ ក្នុងការពិនិត្យ និងរកយន្តការដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីលុបបំបាត់នូវការលើកឡើងមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះ ក្នុងពិធីប្រកាសចូលកាន់ដំណែង ក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅ អណត្តិទី៣ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខណ្ឌព្រែកព្នៅ ។ ជាមួយគ្នានោះ លោកក៏បានអះអាងដែរថា ការបើកវេទិកា សាធារណៈភ្លាមៗ នៅតំបន់ដែលមានជួបញ្ហាប្រឈម ដោយគ្មានការជូនដំណឹង ទៅអាជ្ញាធរ ខណ្ឌ សង្កាត់ជាមុននេះ គឺដើម្បីចង់បានព័ត៌មាន និងទុក្ខកង្វល់ពិតប្រាកដ ពីប្រជាពលរដ្ឋ ដើម្បីយកបញ្ហាទំាងនោះ មកដោះស្រាយឲ្យចំទិសដៅ ក្នុងបំណងបំរើផលប្រយោជន៍ប្រជាពលរដ្ឋទៅតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

លោកអភិបាលរាជធានីភ្នំពេញ បានចាត់ទុកការរៀបចំវេទិកាសាធារណៈ គឺជាមធ្យោបាយ ដ៏មានប្រសិទ្ធភាព ក្នុងការជួបទំនាក់ទំនង ដោយផ្ទាល់ជាមួយពលរដ្ឋ ហើយបានដឹងពីតម្រូវការថ្មីៗ របស់់ប្រជាពលរដ្ឋជាពិសេសផលលំបាករបស់ពួកគាត់ដែលចង់អោយអាជ្ញាធរជួយដោះស្រាយនៅចំពោះមុខ។

ជាមួយគ្នានោះ លោក ឃួង ស្រេង បានណែនាំដល់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ដែលទើបតែតំាងថ្មី ក្នុងអាណត្តិទី៣ ត្រូវបន្តពង្រឹងសាមគ្គីភាព  ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា និងគណ:អភិបាល មន្រ្តីរាជការ និងកងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ។ ជាពិសេសត្រូវបំពេញតួនាទី ជាស្ថាប័នបញ្ញត្តិ ដែលក្រសួងមហាផ្ទៃបានដាក់ចុះ យកមកអនុវត្តឱ្យបានត្រឹមត្រូវ ហើយក៏ត្រូវពិនិត្យឱ្យបានហ្មត់ចត់នូវច្រកចេញចូលតែមួយ ក្នុងខណ្ឌរបស់ខ្លួន ដើម្បីឱ្យបានដឹងច្បាស់ពីយន្តការដំណើរការ សេវាកម្មបំរើប្រជាជនបានល្អ ត្រឹមត្រូវស្របតាមគោលការណ៍ណែនាំ ក៏ដូចជាច្បាប់បានកំណត់ហើយឬនៅ?។

ក្នុងឱកាសនោះដែរ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ក៏បានជម្រាបជូនពីវឌ្ឍនៈភាពនៃការដឹកនាំ ក្នុងមូលដ្ឋាន ក៏ដូចជាការលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទី  ភារកិច្ចរបស់ខ្លួននាពេលកន្លងមក សំ​ដៅ​អភិវឌ្ឍន៍មូលដ្ឋាន  និងឆ្លើយបតប ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរជាលំដាប់ ក្នុងនោះបានអនុវត្តនូវអភិក្រមទាំង៥ ក៏ដូចជាអនុវត្តនយោបាយភូមិឃុំមានសុវត្តិភាពបានយ៉ាងល្អប្រសើរផងដែរ។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅនេះ លោក ម៉ៅ បូរ៉ា ត្រូវបានតែងតំាងជាប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បន្តក្នុងអាណត្តិទី៣ ដែលមានសមាជិកចំនួន១៦រូបផ្សេងទៀត៕

Facebook Comments
Loading...