ឃុន ឌីម៉ា និងឈុត សេរីវ៉ាន់ថង ជួបកីឡាករថៃសាកកណ្តាប់ដៃគ្នានាខេត្តកំពុងធំ

0
58

ភ្នំពេញ ៖ កីឡាករឃុន ឌីម៉ា អ្នកប្រដាល់នៃក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃដិនណាផូ ស.ថាន់យ៉ាឡាក់ ខណៈកីឡាករវ័យក្មេងឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង និងកីឡាករថៃនឿណាក់ផា ប៉.យុទ្ធភូមិ ក្នុងលក្ខណមិត្តភាពអន្តរជាតិ នាខេត្តកំពុងធំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ។

កីឡាករ ឃុន ឌីម៉ា ត្រូវជួបជាមួយកីឡា​ករថៃដិនណាផូ ស.ថាន់យ៉ាឡាក់ ក្នុងប្រភេទទម្ងន់ ៦៣.៥គ.ក្រ អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ ឃុន​ ឌី​ម៉ា​ ទើបបាន​ផ្ដួល​កីឡាករ​ជើងខ្លាំងថៃកន្លងមកថ្មីៗមកនេះ​ ហើយក្នុងការប្រកួតនាថ្ងៃខាងមុខនេះ ឃុន ឌីម៉ា ត្រូវបា​នទស្ស​និ​ក​ជនរំពឹងថា អាច​នឹងឈ្នះកីឡាក​រថៃនេះទៀតមិនខាន​បើ​ទោះ​ជាគេលាក់​ពីប្រវត្តិ​ប្រ​កួតក៍ដោយ ព្រោះឌី​ម៉ា គេ​ធ្លាប់ជួប​កី​ឡា​ករបរទេស ច្រើននាក់មកហើយ ​ហើយកំពុងតែឡើងកូដទៀតនាពេលបច្ច​ប្បន្ន​នេះ សម្រាប់​ការ​ប្រកួតក្បាច់ខ្មែរបុរាណ​ជា​មួយមិត្តរួមជាតិ ឌីម៉ា​មិន​​សូវ​បាន​ឡើង​ប្រកួត​ឡើយ ដោ​យសារ​គ្មាន​ដៃគូ​ប្រកួត​ជាមួយ។

កីឡាករឃុន ឌីម៉ា ស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃនិងកែង ដែលអាចវាយប្រយោល​ក៍បាន​ចូលគៀកក៍បាន ហើយគូប្រកួតជាច្រើនអ្នកបានសន្លប់ក្រោមស្នៀតខ្លាំងរបស់គេនេះ។ តែទោះជា​យ៉ាងណាឃុន ឌី​ម៉ា ​មិនអាច​មើលស្រាលអ្នក​ប្រដាល់​ថៃរូប​នេះ​បាន​ឡើយព្រោះ​​​​គេ ក៏​ជា​ជើងឯក​ម្នាក់​ដែរនៅប្រទេសថៃ។ ចាំមើលឃុន ឌីម៉ា ជាអ្នកឈ្នះឫកីឡា​ករថៃដិនណាផូ ស.ថាន់យ៉ាឡាក់?។

ដោយឡែកកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង ជួបជាមួយកីឡាករថៃនឿណាក់ផា ប៉.យុទ្ធភូមិ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ​រវាងកីឡាករទាំង២នាក់​នេះមិន​មានអ្នក​ណាដឹងឡើយថាធ្លាប់ជួបគ្នាកន្លងមក ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។

ចំណែកឈុត សេរីវ៉ាន់ថង នាពេល​បច្ច​ប្បន្ន​នេះន​ណា​ក៍ទទួល​ស្គាល់​ថា ជាកីឡាករជើងខ្លាំង​វ័យ​ក្មេង​១រូប ដែលកំពុងទទួលបាន​ការគាំទ្រ​យ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើ​ក្បា​ច់​គ្រប់​ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យកី​ឡាករ​ក្នុង​ស្រុក និងក្រៅស្រុកត្រូវ​បានចុះ​ចាញ់ជា​បន្តបន្ទាប់។

ការអះអាងបែបនេះក៍ដោយសាឈុត សេរីវ៉ាន់ថង មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​ ​មានការ​រីក​ចំ​រើន​ជាង​មុនច្រើនទាំងស្នៀត​គុន​ទាំង​កម្លាំង​ស៊ុហ្វ ពោលគឺគេ​ហ្វឹកហាត់បាន​ជាប់លាប់ ​ធានា​បាន​ក្នុង​ការ​​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មាន​បញ្ហាអ្វីឡើយ។ ​ជាងនេះទៅទៀតនោះឈុត សេរីវ៉ាន់ថង ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួតណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត​ផង ហើយមាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការ​ប្រកួត​ច្រើន ជាមួយកី​ឡា​ករ​ក្នុង​ស្រុក​និង​កីឡាករបរទេសថែមទៀត ហើយការប្រកួតនេះគេមានភាគរយឈ្នះច្រើនលើកីឡាករថៃ។ ចាំមើលឈុត សេរីវ៉ាន់ថង អាច​យកឈ្នះលើកីឡាករថៃនឿណាក់ផា ប៉.យុទ្ធភូមិ​ ដូចការអះអាងរបស់អ្នក​តាមដានកីឡាប្រ​ដា​ល់កម្ពុជា​ដែរឬយ៉ាងណ?៕

Facebook Comments
Loading...