ជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ ត្រូវបាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១

0
363

ភ្នំពេញ ៖ កម្លាំងនគរបាល បានតាមបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំចំនួន៥កញ្ចប់ កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចក្រុមទី១ តាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបមានឈ្មោះ ប្រាជ្ញ ប្រាំង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្នុងក្រុមទី៩ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ។

មន្ត្រីនគរបាលដដែលនេះបានឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យខាងលើនេះ បានធ្វើឡើងក្រោមការស្រាវជ្រាវ សហការរវាងនគរបាលប៉ុស្ដិ៍ និងខណ្ឌ ដើម្បីកំណត់មុខសញ្ញាធ្វើសកម្មភាពចរាចរថ្នាំញៀននៅពេលរាត្រី ដើម្បីពួនស្ទាក់បង្ក្រាបតែម្ដង។

ក្រោយបង្ក្រាបជនសង្ស័យ និងវត្ថុតាងថ្នាំញៀន ត្រូវបាននាំមកបន្តឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕

Facebook Comments
Loading...