ឃុន ឌីម៉ា កៀកស្មារនិងសេន កុសល ជួបកីឡាករថៃ រីឯធើន ធី ជួបកីឡាករព័រទុយហ្គាល់

0
1140

ភ្នំពេញ ៖ កីឡាករជើងខ្លាំងឃុន ឌីម៉ា អ្នកប្រដាល់របស់ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ កៀកស្មារនិងកីឡាករសេន កុសល អ្នកប្រដាល​មកពីក្លឹ​ប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ជួបកីឡាករថៃក្រៀងក្រៃ ត.សិលាឆ័យ និងកីឡាករថៃស៊ែនសាក់ ប៉.យុទ្ធភូមិ រីឯកីឡាករធើន ធី អ្នកប្រដាលនៃក្លិបអង្គមានជ័យខេត្តសៀមរាប ជួបកីឡាករមកពីប្រទេសព័រទុយហ្គាល់Antonio Alberto នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករ​ឃុន ឌីម៉ាជើងខ្លាំងមកពីខេត្តបន្ទាយមានជ័យ ត្រូវ​គេ​កត់​សម្គាល់​ថា​ ប្រកួត​ឈ្នះ​ច្រើន​ជាង​ចាញ់​នៅ​លើ​សង្វៀន​ប្រដាល់ក្នុងស្រុក និងក្រៅស្រុក ហើយគេធ្លាប់ឈ្នះមេដាយមាសកីឡាករស៊ីហ្គេមកន្លងមកទៀតផង​។​ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​កីឡា​ប្រដា​ល់​ភាគ​ច្រើន​កំពុង​នាំ​គ្នា​យល់​ថា​ ឃុន ឌីម៉ា គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុ​ពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡាករ​រូប​នេះ​ឡើង​រេញម្តងៗនោះ។

ក្នុងការជួបជាមួយកីឡាករថៃក្រៀងក្រៃ ត.សិលាឆ័យ ក៍ត្រូវបានអ្នកទស្សនាលើកឡើងថា មានភាគរយឈ្នះច្រើនលើកីឡាករថៃទៀតផង ព្រោះឃុន ឌីម៉ា ចេះក្បាច់គ្រប់ស្នៀត ហើយវាយមិនច្រឡោតនោះទេ។ ចាំមើលរវាងឃុន ឌីម៉ា និងកីឡាករថៃក្រៀងក្រៃ ត.សិលាឆ័យ នរណាជាអ្នកឈ្នះ?។

ចំណែកកីឡាករសេន កុសល ត្រូវជួបកីឡាករថៃស៊ែនសាក់ ប៉.យុទ្ធភូមិ ក្នុងប្រ​ភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរច្រើនលើកមកហើយដែរ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯសេន កុសល ​កាល​ទើប​លេច មុខ​ដំបូង ​ហាក់ដូចជា ​វ៉ៃ​បាន​គ្រាន់បើ​ តែ​មួយ​រយៈ​នេះ គេ​ហាក់ដូចជា​ ស្រុត​ចុះ​ច្រើន​ ដោយ​គេ​ឆាប់​ស្រុត​កម្លាំង​គឺ​ចាប់ពី​ចុង​ទឹក​ទី៣ ទៅ​កម្លាំង​របស់​គេ​ធ្លាក់​ចុះ​ខ្លាំង​តែ​ម្ដង​ដែល​នេះ​បង្ហាញ​ថា​ការ​ហ្វឹកហាត់ របស់​គេ​មិន​បាន​គ្រប់គ្រាន់។ចាំមើលការប្រកួតនេះសេន កុសល ជាអ្នកឈ្នះឬកីឡាករថៃស៊ែនសាក់ ប៉.យុទ្ធភូមិ?។

ដោយឡែកកីឡាករធឿន ធី ត្រូវជួបជាមួយកីឡាករមកពីប្រទេសព័រទុយហ្គាល់Antonio Alberto ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះធឿន ធី ជាកីឡាករជើងថ្មីទើបនិងឡើងកូដ ស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃ និងកែង ដែលអាចវាយចេញរហ័សហើយចំគោលដៅ កីឡាករជើងថ្មី និងជើងចាស់ជាច្រើននាក់ដែលគេបានយកឈ្នះ ហើយបានឡើងមកប្រកួតលក្ខណៈមិត្តភាពអន្តរជាតិបែបនេះ។

ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់លើកឡើងថា រវាងកីឡាករធឿន ធី និងកីឡាករមកពីប្រទេសព័រទុយហ្គាល់Antonio Alberto ការឈ្នះចាញ់មានត្រឹមហាសិបភាគរយម្នាក់ប៉ុណ្ណោះ ព្រោះពួកគេមិនដែលជួបគ្នា ណាមួយកីឡាករកម្ពុជា ជាកីឡាករជើងថ្មីកម្លាំងស៊ុហ្វក៍នៅមិនទាន់ពេញដូចអ្នកប្រដាល់ដែលមានបទពិសោធន៍ជោគជាំនិងសង្វៀនដែរ។ ចាំមើលរវាង កីឡាករកម្ពុជាធឿន ធី និងកីឡាករមកពីប្រទេសព័រទុយហ្គាល់Antonio Alberto នរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ?៕

Facebook Comments
Loading...