ឃីម បូរ៉ា និងខាំ ខ្លានាង ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃ

0
909

ភ្នំពេញ ៖ កីឡាករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ឡើងជួបជាមួយកីឡាករថៃFanimeth ខណៈកីឡាករខាំ ខ្លានាង អ្នកប្រដាល់របស់ក្លិបរ៉ាហាប់ស្វាយប៉ាក ជួបកីឡាករថៃDeav Por ដើម្បីសាកកណ្តាប់ដៃគ្នា នាថ្ងៃសៅរ៍ទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅលើសង្វៀនស៊ីអិនស៊ី ។

កីឡាករឃីម បូរ៉ា ជួបជាមួយកីឡាករថៃFanimeth នេះក្នុងប្រ​ភេទ​ទម្ងន់​៦០គីឡូក្រាម ក្នុងការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការ​ធ្លាប់ជួប​គ្នារវាង​កី​ឡាករទាំង​ពីរទេនាពេលកន្លងមកនោះទេ ហើយក៍មិនដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជា​គុនខ្លាំង​ប៉ុណ្ណានោះ​ដែរ។

តែបើកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុ​ប្បន្នកំ​ពុង​ទទួល បានការគាំទ្រយ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជា​មួយ​នឹង​ការ​ចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន។ តែកីឡាករកម្ពុជារូបនេះចិត្តប្រ​ដាល់​របស់គេតូច រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ​ ធ្វើឲ្យកីឡាកររូបនេះ​មិនសូវហ៊ាន​ប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយ​កំញើញខ្លួននោះ​ឡើយ។ ទោះជាយ៉ាងនេះក្តីឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយ​មែនតែគេវាយ​សងមួ​យ​ៗ​វិញចំគោលដៅបានល្អ ការប្រ​កួត​រាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយ​មិនប្រស់នោះទេ។ ចាំមើល​ការ​ជួបគ្នានេះកីឡាករកម្ពុជា ឃីម បូរ៉ា ជាអ្នកឈ្នះឫកីឡាករថៃFanimeth។

ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេ​និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រ​ដា​ល់​ថៃ​ឈ្មោះDeav Por ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម ដែលកីឡាករថៃម្នាក់នេះ​ក៍ធ្លាប់មកប្រកួត​នៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗ​របស់កម្ពុជា។

កីឡាករខាំ ខ្លានាង គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុងតែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡាករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀត​ខ្លាំង​ទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំង​កីឡាករ​ជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួត​លក្ខណៈមិត្ត​ភាពអន្តរជាតិ។ ​ចាំមើលរវាងខាំ ខ្លានាង​ និងកីឡាករថៃឈ្មោះDeav Por នេះន​រណា​ជា​អ្នកឈ្នះ?៕

Facebook Comments
Loading...