ភ្នំពេញ ៖ កីឡាករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ឡើងជួបជាមួយកីឡាករថៃFanimeth ខណៈកីឡាករខាំ ខ្លានាង អ្នកប្រដាល់របស់ក្លិបរ៉ាហាប់ស្វាយប៉ាក ជួបកីឡាករថៃDeav Por ដើម្បីសាកកណ្តាប់ដៃគ្នា នាថ្ងៃសៅរ៍ទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅលើសង្វៀនស៊ីអិនស៊ី ។
កីឡាករឃីម បូរ៉ា ជួបជាមួយកីឡាករថៃFanimeth នេះក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ក្នុងការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការធ្លាប់ជួបគ្នារវាងកីឡាករទាំងពីរទេនាពេលកន្លងមកនោះទេ ហើយក៍មិនដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។
តែបើកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន។ តែកីឡាករកម្ពុជារូបនេះចិត្តប្រដាល់របស់គេតូច រួមផ្សំជាមួយកម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ ធ្វើឲ្យកីឡាកររូបនេះមិនសូវហ៊ានប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយកំញើញខ្លួននោះឡើយ។ ទោះជាយ៉ាងនេះក្តីឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយមែនតែគេវាយសងមួយៗវិញចំគោលដៅបានល្អ ការប្រកួតរាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយមិនប្រស់នោះទេ។ ចាំមើលការជួបគ្នានេះកីឡាករកម្ពុជា ឃីម បូរ៉ា ជាអ្នកឈ្នះឫកីឡាករថៃFanimeth។
ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេនិងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះDeav Por ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ដែលកីឡាករថៃម្នាក់នេះក៍ធ្លាប់មកប្រកួតនៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា។
កីឡាករខាំ ខ្លានាង គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀតខ្លាំងទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជាបន្តបន្ទាប់ទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើងប្រកួតឈានដល់គូឯក និងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ។ ចាំមើលរវាងខាំ ខ្លានាង និងកីឡាករថៃឈ្មោះDeav Por នេះនរណាជាអ្នកឈ្នះ?៕