លី ភា ដឹកដៃលន បញ្ញា សាកកណ្តាប់ដៃជាមួយកីឡាករឡាវ និងកីឡាករថៃ

0
1139

ភ្នំពេញ ៖ កីឡាករជើងខ្លាំងលី ភា អ្នកប្រដាល់មកពីក្លិបសំរោងកោងកីឡា ខេត្តបាត់ដំបង ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅប្រទេសថៃនោះ ពេលនេះមានវត្តមាននៅសង្វៀនស្រុកខ្មែរហើយ ដោយត្រូវដឹកដៃកីឡាករស្រករក្រោយលន បញ្ញា អ្នកប្រដាល់នៃសមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ឡើងជួបកីឡាករឡាវចៅសងមឿង ស៊ីត.គ្រូលែ និងកីឡាករថៃម៉ាំងកនងិន អភិឆាតមួយថៃយ៉ីម នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ការជួបគ្នារវាងកីឡាករលី ភា និងកីឡាករឡាវចៅសងមឿង ស៊ីត.គ្រូលែ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេពីមុនមក ហើយមិនទាន់មានប្រភពណាដឹងថាកីឡាករឡាវម្នាក់នេះមានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករម្នាក់នេះហាត់នៅប្រទេសថៃ ដូចនេះវិជ្ជាគុនរបស់គេមិនខុសពីកីឡាករថៃប៉ុន្មានឡើយ ហើយគេមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។

ចំណែកកីឡាករលី ភា គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលលី ភា ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះច្រៀនជាងកីឡាករឡាវ បើទោះជាគេមិនធ្លាប់មកប្រកួតនៅសង្វៀននេះក៍ដោយ។ ចាំមើលរវាងកីឡាករលី ភា និងកីឡាករឡាវចៅសងមឿង ស៊ីត.គ្រូលែ នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករស្រករក្រោយលន បញ្ញា ត្រូវជួបជាមួយកីឡាករថៃម៉ាំងកនងិន អភិឆាតមួយថៃយ៉ីម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ដោយសារលន បញ្ញា ជាកីឡាករជើងថ្មីទើបវាយឡើងរហូតបានប្រកួតជាមួយកីឡាករបរទេស ចំណែកកីឡាករថៃក៍ទើបមកប្រកួតនៅស្រុកខ្មែរដែរ ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។

រីឯកីឡាករលន បញ្ញា គេជាកីឡាករស្រករក្រោយទេតែស្នៀតខ្លាំងរបស់គេខ្លាំងទាំងព្រមតែម្តង ក្នុងនោះបើគេទាត់មួយជើងហើយកណ្តាប់ដៃក៍ចេញតាមក្រោយដែរ ហើយស្នៀតកែងបុកកាណូតក៍គ្រោះថ្នាក់ដែរ កីឡាករល្មមៗមិនអាចទប់ជាមួយគេបានប្រាំទឹកនោះទេ ហើ​យ​គេមានកម្ពស់ខ្ពស់ទៀត ដែលអាចបោះជង្គង់ខ្លីក៍បានវែងក៍បាន តែយ៉ាងណាលន បញ្ញា គេមិនសូវខ្លាំងខាងកម្លាំងស៊ុហ្វនោះទេ។ ចាំមើលលន បញ្ញា ជាអ្នកឈ្នះឬកីឡាករថៃម៉ាំងកនងិន អភិឆាតមួយថៃយ៉ីម?៕

Facebook Comments
Loading...