ភ្នំពេញ ៖ កីឡាករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគៀបខេត្តបន្ទាយមានជ័យ និងកីឡាករខាំ ខ្លានាង អ្នកប្រដាល់រហាប់ស្វាយប៉ាក ត្រូវគេផ្គូផ្គងអោយជួបកីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក និងកីឡាករថៃរុងសាក់ សកៈឌិបុរីរ៉ាំ ដើម្បីសាកស្នៀតគុនគ្នានៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។
ការជួបគ្នារវាងកីឡាករឃីម បូរ៉ា និងកីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ហើយការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការធ្លាប់ជួបគ្នារវាងកីឡាករទាំងពីរទេនាពេលកន្លងមកនោះ តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជា ជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊។
ចំណែកកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន។ តែកីឡាករកម្ពុជារូបនេះចិត្តប្រដាល់របស់គេតូច រួមផ្សំជាមួយកម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ ធ្វើឲ្យកីឡាកររូបនេះមិនសូវហ៊ានប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយកំញើញខ្លួននោះឡើយ។ ទោះជាយ៉ាងនេះក្តីឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយមែនតែគេវាយសងមួយៗវិញចំគោលដៅបានល្អ ការប្រកួតរាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយមិនប្រស់នោះទេ។ ចាំមើលការជួបគ្នានេះកីឡាករកម្ពុជាឃីម បូរ៉ា និងកីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក នរណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេនិងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះរុងសាក់ សកៈឌិបុរីរ៉ាំ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរនៅលើសង្វៀននេះ ហើយកីឡាករថៃម្នាក់នេះក៍ធ្លាប់មកប្រកួតនៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា។
កីឡាករខាំ ខ្លានាង គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀតខ្លាំងទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជាបន្តបន្ទាប់ទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើងប្រកួតឈានដល់គូឯក និងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ។ ចាំមើលរវាងខាំ ខ្លានាង និងកីឡាករថៃរុងសាក់ សកៈឌិបុរីរ៉ាំ នេះនរណាជាអ្នកឈ្នះ?៕