គម្រោងប្លង់គោលចក្ខុវិស័យខណ្ឌព្រែកព្នៅ ឆ្នាំ២០៣៥ ត្រូវបានក្រុមប្រឹក្សាខណ្ឌ ព្រែកព្នៅអនុម័តគាំទ្រ១០០%

0
1071

ភ្នំពេញ ៖ គម្រោងប្លង់គោលចក្ខុវិស័យភូមិសាស្ដ្ររដ្ឋបាលខណ្ឌព្រែកព្នៅ ឆ្នាំ២០៣៥ ដែលរៀបចំឡើងរយៈពេល ជាង២ឆ្នាំ ដោយការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌព្រែកព្នៅនោះ ត្រូវបាន សមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ អនុម័តគាំទ្រជាផ្លូវការ១០០%នាព្រឹកថ្ងៃទី២៨ខែកញ្ញានេះ នៅក្នុងកិច្ចប្រជុំសមញ្ញ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លើកទី៥២ អណត្តិទី២ ឆ្នាំ២០១៨ ។

លោក ស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ការរៀបចំ គម្រោងប្លង់គោលនេះមានគោលបំណងលើកកម្ពស់ការរៀបចំដីឲ្យបានត្រឹមត្រូវនិងធានាការអភិវឌ្ឍដែនដីនិង នគរូបនីយកម្មប្រកបដោយចេរភាព តុល្យភាព និងប្រសិទ្ធភាព គ្រប់គ្រងការអភិវឌ្ឍ និងការអភិរ័ក្ស ការកសាងលំនៅដ្ឋាន អាគារឧស្សហកម្ម ពាណិជ្ឃកម្ម និងទេសចរណ៍ ជាមួយនេះក៏ដើម្បីធានាបាននូវហេដ្ឋរចនាសម្ព័ន្ធសាធារណៈ លំហសាធារណៈ ផ្ទៃបៃតងនិងបរិក្ខាសាធារណៈ សមស្របសម្រាប់ មនុស្សទាំងអស់គ្នា ។

លោកប្រធានការិយាល័យ លើកឡើងថា ប្លង់ភូមិសាស្ដ្ររដ្ឋបាលខណ្ឌព្រែកព្នៅនាពេលបច្ចុប្បន្ន មានទំហំផ្ទៃដី១១៥ គីឡូម៉ែត្រក្រឡា៥០ ប៉ុន្ដែប្លង់គោលចក្ខុវិស័យឆ្នាំ២០៣៥នេះ មានទំហំរហូតដល់១២០ គីឡូម៉ែត្រក្រឡា ៥៦ គឺស្មើនិង១ភាគ៣​នៃផ្ទៃដីរាជធានីភ្នំពេញ ហើយការរីកធំផ្ទៃដីនេះគឺដោយ សារ មានការកាត់បញ្ចូលពីស្រុកពញាឮ និង ខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យបានសមស្របទៅនឹងស្ថានជាក់ស្ដែង មានគោលច្បាស់លាស់ក្នុងការកំណត់ ព្រំប្រទល់ដែលបង្កលក្ខណៈ ងាយស្រួលក្នុងការគ្រប់គ្រង។

លោក បន្ដថា ចំពោះក្រុមហ៊ុន ដែលចង់អភិវឌ្ឍ នៅក្នុងភូមិសាស្ដ្រខណ្ឌព្រែកព្នៅត្រូវធ្វើការសិក្សា ដោយគោរពតាម ប្លង់មេដែលបានកំណត់ ចំពោះ បឹងបួរ ផ្លូវ ប្រឡាយ ដែល អភិរក្ស័ គឺត្រូវរក្សាទុក។ ប្លង់គោលនេះ បានបែងចែកដី ជាច្រើនតំបន់ធំៗក្នុងនោះសម្រាប់សង្កាត់ព្រែកព្នៅដែលជាតំបន់ប្រជុំជន និងជាតំបន់សេដ្ឋកិច្ច បានកំណត់ជាតំបន់លំនៅដ្ឋានចម្រុះដែលអាចសាងសង សណ្ឋាគារ ឬលំនៅដ្ឋានច្រើនជាន់បាន  ដោយឡែកសម្រាប់សង្កាត់សំរោង ទោះជាឥឡូវ ជាតំបន់ធ្វើស្រែប្រាំងក្ដី ប៉ុន្ដែបានកំណត់ជាតំបន់ឧស្សាហកម្ម ចំរុះធនស្រាល ចំណែកភូមិសាស្ដ្រសង្កាត់ពញាពន់និង សង្កាត់ ពន្សាំងវិញ ១ចំនួនជាតំបន់លំនៅដ្ឋានចំរុះ តំបន់កសិកម្ម និងតំបន់បៃតង ដែលអាចប្រែក្លាយជាតំបន់ទេសចរណ៍ផងដែរ ។

លោកស៊ូស៊ីវុត្ថា បានលើកឡើងផងដែរថា ទោះជាយ៉ាងណា គម្រោងប្លង់នេះ មិនទាន់សម្រេចជាផ្លូវការនៅឡើយ ព្រោះត្រូវឆ្លងកាត់ការឯកភាពពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ពីសាលារាជធានីភ្នំពេញ និងពីថ្នាក់ជាតិទៀត ទើបទទួលបានជោគជ័យ។

ដោយឡែកលោក ម៉ៅបូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានកោតសរសើរ ដល់គណៈកម្មការរៀបចំ ដែនដីនគរូបនីយកម្ម សំណង់និងភូមិបាលខណ្ឌ ដែលបានប្រឹងប្រែងរៀបចំគម្រោងប្លង់ចក្ខុវិស័យនេះឲ្យបានសម្រេចជារូបរាងឡើង ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផង និងដើម្បីការរីកចំរើនរបស់រាជធាភ្នំពេញផងដែរ លោករំពឹងថា គម្រោងនេះ និងទទួលបានការគាំទ្រ នៅថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ជាតិ៕

Facebook Comments
Loading...