វាគ្មិនជាតិ-អន្តរជាតិមកពី១១ប្រទេសចូលរួមវេទិកាវិនិយោគទេសចរណ៍កម្ពុជា

0
135

ភ្នំពេញ ៖ មានវាគ្មិនជាតិ-អន្តរជាតិមកពី១១ប្រទេស ដែលមានបទពិសោធន៍ និងជំនាញពិតប្រាកដពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធនានា បានជួបពិភាក្សាគ្នានៅក្នុងវេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី១ ឆ្នាំ២០១៨ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា វាគ្មិនជាតិ-អន្តរជាតិមកពី១១ប្រទេស ដែលមានបទពិសោធន៍ និងជំនាញពិតប្រាកដពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធនានា បានជួបពិភាក្សាគ្នានៅក្នុងវេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី១ ឆ្នាំ២០១៨ ដើម្បីរួមចំណែកដល់ការលើកកម្ពស់បរិយាកាសវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរ និងមានការទាក់ទាញថែមទៀត។ ពិសេសជាងនេះ ការបង្កើតវេទិកាវិនិយោគទេសចរណ៍កម្ពុជានេះឡើងក៏ជាកិច្ចពិភាក្សារួមគ្នារបស់វាគ្មិនជាតិ-អន្តរជាតិទាំងនោះផងដែរ ដើម្បីចងក្រងចំណុចសំខាន់ៗដែលជាអនុសាសន៍ជាក់លាក់ មុនដាក់ចេញនូវសៀវភៅសមួយ ស្តីពីការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ វាគ្មិនជាតិ-អន្តរជាតិទាំង១១ប្រទេសនោះ រួមមាន៖ ចិន ម៉ាឡេស៊ី កូរ៉េ ជប៉ុន បារាំង ថៃ ឥណ្ឌា វៀតណាម ស៊ុយអែត សិង្ហបុរី និងអ៉ីតាលី។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា លទ្ធផលដែលកើតចេញពីវេទិកានេះក៏នឹងប្រើប្រាស់ជាមូលដ្ឋានគ្រឹះ សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគវិស័យទេសចរណ៍ ឱ្យស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលបំណងរបស់អ្នកវិនិយោគ។ លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងទេសចរណ៍បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍រាល់គម្រោងវិនិយោគទេសចរណ៍ ដែលមានការគិតគូរហ្មត់ចត់ដល់កិច្ចការពារបេតិកភណ្ឌវប្បធម៌ បរិស្ថាន និងនិរន្តរភាពទេសចរណ៍ ស្របតាមទស្សនាទាន «អភិរក្សបម្រើដល់ការអភិវឌ្ឍ និងការអភិវឌ្ឍបម្រើការអភិរក្ស»។

លោកថោង ខុន បានលើកឡើងទៀតថា នាយកដ្ឋានវិនិយោគទេសចរណ៍ និងនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ ក៏នឹងរង់ចាំជួយសម្របសម្រួល សហការគាំទ្រ និងត្រួតពិនិត្យដំណើរការអនុវត្តលើគម្រោងវិនិយោគឯកជន គ្រប់គ្រង និងអនុវត្តគម្រោងវិនិយោគសាធារណៈ និងគម្រោងវិនិយោគតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន សំដៅធានាដល់ការវិនិយោគទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ទាំងលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដោយផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងនវានុវត្តន៍ ស្របទៅនឹងនិន្នាការសកល ស្តីពីទេសចរណ៍ និងឌីជីថលូបនីយកម្ម (Digitalisation)។

គម្រោងអភិវឌ្ឍន៍ទេសចរណ៍ថ្មីៗបន្ថែមទៀត ដែលក្រសួងទេសចរណ៍លើកទឹកចិត្ត ដើម្បីត្រៀមទទួលទេសចរអន្តរជាតិចំនួន ១៥លាននាក់ និងទេសចរជាតិ ១៥លាននាក់ (សរុប៣០លាននាក់) ក្នុងឆ្នាំ២០៣០ រួមមាន៖ ទីក្រុងទេសចរណ៍វ័យឆ្លាត (smart city) គោលដៅទេសចរណ៍វ័យឆ្លាត ស្អាតនិង បៃតង (smart clean green tourist destination ) តំបន់ទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ឆ្នេរ-កោះ មជ្ឈមណ្ឌលវិស្សមកាល និងកីឡាទេសចរណ៍ តំបន់ទេសចរណ៍ផ្ទះទី២ (second home tourism) ទេសចរណ៍វ័យចំណាស់ (senior tourism) ទេសចរណ៍សុខភាព (medical tourism) សួនកម្សាន្តរបស់កុមារនៅតំបន់ទេសចរណ៍ ទេសចរណ៍សត្វព្រៃ សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ និងផ្កាយ៥ ហាងលក់ទំនិញទំនើបៗ ភោជនីយដ្ឋានលំដាប់ខ្ពស់ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ កំពង់ផែទេសចរណ៍ និងអាកាសយានដ្ឋាន) នៅតំបន់គោលដៅទេសចរណ៍មួយចំនួនផងដែរ។

យោងតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ រហូតដល់ឆ្នាំ២០៣០ កម្ពុជាតម្រូវឱ្យមានបន្ទប់សណ្ឋាគារ ១០ម៉ឺនបន្ទប់ ក្នុងនោះបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥ ប្រមាណ ៦០% ខណៈបច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជាមានបន្ទប់សណ្ឋាគារប្រមាណ ៤ម៉ឺន៥ពាន់បន្ទប់រួចហើយ ក្នុងនោះបន្ទប់សណ្ឋាគារផ្កាយ៤ និងផ្កាយ៥ មានតែ ២ម៉ឺន៥ពាន់បន្ទប់ប៉ុណ្ណោះ។

ដោយឡែក លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងដែរថា ដោយសារកំណើនរបស់ភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប មានការកើនឡើងជារៀងរាល់ឆ្នាំ ទើបជំរុញឱ្យមានការយកចិត្តទុកដាក់លើការវិនិយោគលើវិស័យផ្សេងៗ ពិសេសការវិនិយោគលើវិស័យទេសចរណ៍ ដើម្បីជំរុញធ្វើយ៉ាងណាឱ្យមានផលិតផលទេសចរណ៍ ក៏ដូចជាសម្បទានបម្រើឱ្យវិស័យទេសចរណ៍នានាមានភាពសម្បូរបែប សម្រាប់បំពេញតម្រូវការរបស់ភ្ញៀវទេសចរ ដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាប។

លោកអភិបាលបានបន្តថា រដ្ឋបាលខេត្តសៀមរាបនឹងខិតខំសម្របសម្រួល សហការគាំទ្ររាល់គម្រោងវិនិយោគទេសចរណ៍ផ្សេងៗ ធ្វើយ៉ាងណាឱ្យការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ប្រកបដោយនិរន្តរភាព និងមានការទទួលខុសត្រូវខ្ពស់ រួមចំណែកបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រ៕

Facebook Comments
Loading...