កូនប្រសារផឹកស៊ីជាមួយម្តាយក្មេក លុះស្រវឹងស្ទុះទៅអោបលេង ត្រូវឪពុកមាទាញកាំបិតកាប់ស្ទើរស្លាប់

0
2169

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍អំពើហិង្សា ម្តាយក្មេក និងឪពុកមា ព្រួតគ្នាកាប់កូនប្រសាប្រុសស្ទើរស្លាប់ស្ទើររស់នេះ ខណៈដែលកូនប្រសាប្រុសម្នាក់ បានជួបជុំគ្នាផឹកស៊ីជាមួយម្តាយក្មេក និងឪពុកមាសាច់ថ្លៃ លុះពេលស្រវឹងធ្លាក់ភ្នែក ចាប់ផ្តើមរពឹសដៃ ស្ទុះទៅចាប់ឱបម្តាយក្មេកលេង ដឹងអី ម៉ែក្មេក និងឪពុកមា ប្រកាន់ ខឹង ក៏ជេរបញ្ចោររួចស្ទុះទៅទាញកាំបិត មកព្រួតកាប់ប្រហារទៅលើកូនប្រសាបណ្តាលឱ្យរងរបួសធ្ងន់ប៊ិះស្លាប់ ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ស្ត្រីជាម្តាយក្មេកម្តុំកោះរុន ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

ជនរងគ្រោះដែលត្រូវម្តាយក្មេក រួមនឹងឪពុកមា កាប់ជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះកឹម ឆៃ អាយុ៣៦ឆ្នាំ មុខរបរជា កម្មករសំណង់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ទាំង២នាក់ រួមមាន ទី១-ឈ្មោះមុយ ខន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរនិង ស្នាក់នៅមិនពិតប្រាកដ (ត្រូវជាឪពុកមាសាច់ថ្លៃរបស់ជនរងគ្រោះ) និងទី២-ឈ្មោះមុយ សាត ភេទស្រី អាយុ៧២ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ (ត្រូវជាម្តាយក្មេករបស់ជនរងគ្រោះ)។

តាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានឃើញម្តាយក្មេក រួមនឹងឪពុកមា កំពុងអង្គុយនិយាយ គ្នាលេងនៅខាងក្រោមផ្ទះ ទើបរូបគេបានដើរទៅចាប់ឱបម្តាយក្មេកពីក្រោយ ក្នុងលក្ខណៈលេងសើចដូចសព្វមួយដង ស្រាប់តែភ្លាមនោះ ពូក្មេកដែលជាប្អូនបង្កើតម្តាយក្មេក រួមនឹងសាមីខ្លួនម្តាយក្មេកផង បែរជាប្រកាន់ខឹងច្រឡោតតោតតូង ជេរបញ្ចោររូបគេអស់ចិត្ត រួចក៏ស្ទុះទៅទាញកាំបិត មកព្រួតគ្នាកាប់រូបគេ ដែលជាក្មួយប្រសា និងជាកូនប្រសា បណ្តាលឱ្យរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកជនដៃដល់ទាំង២នាក់បងប្អូនបង្កើត បាននាំគ្នារត់គេចខ្លួនចូលព្រៃបាត់ស្រមោលអស់ ប៉ុន្តែត្រូវបានសមត្ថកិច្ច តាមប្រមាញ់ចាប់ខ្លួនបានទាំងយប់ ថ្ងៃដដែល រួចក៏នាំខ្លួនទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា បានឆ្លើយសារភាពថា ពួកគាត់ពិតជាបានព្រួតគ្នាកាប់ប្រហារក្មួយប្រសា និងកូនប្រសា បណ្តាលឱ្យរងរបួសធ្ងន់មែន។ មូលហេតុគឺដោយសារតែពួកគាត់ ខឹងនឹងជនរងគ្រោះបង្អាប់ថា ទាំងពីរនាក់បងប្អូនចាស់ហើយ មិនគិតខំរកស៊ី គិតតែផឹកស្រា មិនតែប៉ុណ្ណោះកូនប្រសានោះ នៅថែមទាំងបានមកចាប់ឱបគាត់ជាម្តាយក្មេកទៀត ទើបធ្វើឱ្យគាត់ និងប្អូនប្រុសដែលកំពុងស្រវឹងស្រា ផ្ទុះកំហឹង ក៏នាំគ្នាទាញកាំបិតព្រួតកាប់កូនប្រសាបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

បន្ទាប់ពីឃាត់ខ្លួន និងធ្វើការសាកសួររួចមក នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Facebook Comments
Loading...