កសិករនិយមដាំដំណាំកៅស៊ូ សុទ្ធតែមានជីវភាពធូរធាប្រសើរឡើងខេត្តត្បូងឃ្មុំ

0
1558

ត្បូងឃ្មុំ៖ កសិករក្នុងខេត្តត្បូងឃ្មុំ និយមដាំដំណាំកៅស៊ូ ដោយសារដំណាំនេះ ងាយដាំ ស្រួលថែទាំ ចំណាយដើមទុនតិចល្មម ហើយឲ្យផលក៏សមរម្យដែរ ទីផ្សារស្រួលលក់ ជ័រក៏មានទីផ្សារ ដើមក៏មានទីផ្សារ ។ ក្នុង១ហិចតាកៅស៊ូវាឲ្យផលជាទឹកប្រាក់មិនក្រោម ២០០០ដុល្លារ នោះទេ ក្នុងរយៈពេល១ឆ្នាំ កសិករដែលនិយមដាំកៅស៊ូសុទ្ធតែមានជីវភាពធូរធា គួរជាទីមោទនៈយ៉ាងក្រៃលែង ។

លោក ដួង សុផល ជាកសិកររស់នៅ ក្នុងស្រុកមេមត់ បានបញ្ជាក់ឲ្យដឹងថា ដំណាំកៅស៊ូ ក្នុង១ហិចតា កសិករត្រូវចំណាយដើមទុនអស់ជិត៧០០០ដុល្លារ ទើបកៅស៊ូឲ្យផលក្នុងរយៈពេល៦ឆ្នាំ ហើយនៅពេលកៅស៊ូឲ្យផល ក្នុងមួយហិចតា បានប្រាក់ ចំនួន១៥០០ដុល្លារ តាមហាងឆេងទីផ្សារសព្វថ្ងៃដោយជ័រ ក្នុង១គីឡូក្រាមកៅស៊ូស្ងួត ឬ កៅស៊ូក្រែប តម្លៃ៣៧០០០រៀល ។ កៅស៊ូ មានអាយុរហូតដល់៣០ឆ្នាំឯណោះ ទើបវាលែងឲ្យផល ហើយកសិករអាចលក់ដើមវាបានទៀត ។ ហើយគ្រួសារគាត់មានចំការកៅស៊ូ តែ៥ហិចតាទេ ក្នុង១ឆ្នាំ អាចទទួលផលបានជិត ១ម៉ឺនដុល្លារដែរ កសិករដាំដំណាំកៅស៊ូ សុទ្ធតែទទួលបានជីវភាពធូរធាប្រសើរឡើងជាលំដាប់ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ដំណាំកៅស៊ូផ្តល់សារៈសំខាន់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គមដូចជា ៖ វាបានរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ប្រាក់ចំណូលដល់ខឿនសេដ្ឋកិច្ចជាតិ និងសង្គមគ្រួសារ បង្កេីនការងារនៅមូលដ្ឋានជនបទ និងទប់ស្កាត់ការធ្វេីចំណាកស្រុក និងបានរួមចំណែកការពារបរិស្ថាន ទប់ទល់នឹងភាពក្តៅខ្លាំងនៃអាកាសធាតុ ការហូរច្រោះដី និងបង្កេីតជាគម្របបៃតង ជំនួសព្រៃឈេីដែលរិចរិល និងផ្តល់ឈេីសម្រាប់ប្រេីប្រាស់ និងធ្វេីអុស ដែលអាចកាត់បន្ថយការកាប់ព្រៃឈេីបាន ។ ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំកៅស៊ូ ជិត៩ម៉ឺនហិចតា កៅស៊ូលក្ខណៈគ្រួសារមានចំនួនជិត៥,២ម៉ឺនហិចតា ក្រុមហ៊ុនចម្ការកៅស៊ូកសិ-ឧស្សាហកម្ម និងក្រុមហ៊ុនចម្ការកៅស៊ូដីសម្បទានសេដ្ឋកិច្ច ចំនួនជាង៣ម៉ឺនហិចតា សរុបទាំងអស់ជិត៩ម៉ឺនហិចតា ។ ដំណាំកៅស៊ូមិនសូវរើសដីទេ ដីក្រហម ដីខ្មៅ និងដីស ក៏ដាំបានដែរគ្រាន់តែ ដីក្រហមឲ្យផលជាងគេ សព្វថ្ងៃនេះ កសិករយើងពួកគាត់និយមដាំកៅស៊ូ ដូចជាពូជប្រភេទ PB 260 .IBCA 130 .IACA 230 .PA 107 .BBIM 600 .PB314 ជាពូជដែលឲ្យជ័រច្រើន ។

លោកប្រធានបានបញ្ជាក់ទៀតថា កសិករខេត្តត្បូងឃ្មុំបានដាំដំណាំកៅស៊ូ ទាំង៧ស្រុក/ក្រុង ហើយក្នុងនោះដែរ ស្រុកដែលដាំកៅស៊ូច្រើនជាងគេ គឺស្រុកមេមត់ ៕

Facebook Comments
Loading...