រណ្តៅដីមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ កំពុងបង្កផលប៉ះពាល់ប្រជាពលរដ្ឋ

0
1175

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិបឹងកំបោរ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ កំពុងសំដែង ការមិនសប្បាយចិត្ត ដោយសារនៅក្នុងភូមិរបស់ពួកគាត់ មានក្រុមឈ្មួញកំពុងសំរ៉ុកជីកយកអាចម៍ដី យ៉ាងគគ្រឹកគគ្រេង ១ថ្ងៃៗ ដឹកជញ្ជូន រាប់សិបឡាន ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ការរស់នៅរបស់ពួកគាត់ ។

ប្រជាពលរដ្ឋរស់នៅភូមិបឹងកំបោរ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ដែលកំពុងជួបបញ្ហាទាំងនេះ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បានរៀបរាប់ប្រាប់ឲ្យដឹងថា បច្ចុប្បន្នពួកគាត់កំពុងមានការលំបាក និងព្រួយបារម្មណ៍យ៉ាងពន់ពេក ខណៈដែលនៅក្នុងភូមិរបស់ពួកគាត់ ត្រូវបានគេកាប់ជីកដីយ៉ាងអាណាធិបតេយ្យ ក្លាយជារណ្តៅដ៏ធំសម្បើម ហើយជ្រៅ រថយន្តដឹកដីធំៗ បើកបរឆ្លងកាត់ភូមិ បង្កឲ្យហុយដីទ្រលោម ប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ជាប្រចាំ។
ពលរដ្ឋប្រាប់បន្តទៀតថា រណ្តៅដីនេះ ត្រូវបានឈ្មួញសំរ៉ុកជីកយកអាចម៍ដីលក់ ប្រហែលរយៈពេលជាង ១ខែកន្លងមកហើយ ដោយឡែកប្រឡាយទឹក ត្រូវបានគេកាយផ្តាច់ ពលរដ្ឋអស់អីរំពឹង ទាំងផ្លូវទឹកហូរធ្វើស្រែ ត្រូវគេកាយកាប់ជីកផ្តាច់បាត់អស់ទៅហើយ ម្យ៉ាងវិញទៀតរណ្តៅដីនេះ គឺនៅជាប់និងដីស្រែ ចំការ ពួកគាត់ទៀត អាចប្រឈម នឹងការបាក់ស្រុតនៅពេលណាមួយមិនខាន ។

ពលរដ្ឋ សូមសំណូមពរស្ថាប័នពាក់ព័ន្ធ ជាពិសេស លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ មេត្តាជួយចុះពិនិត្យមើល ដើម្បីជួយអន្តរាគមន៍ ដោះស្រាយដល់ពួកគាត់ផង ៕

Facebook Comments
Loading...