ឯកឧត្តម លី ឡេង ៖ ស្នើឲ្យកងកំលាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សហការគ្នាបង្ក្រាបរាល់បទល្មើសនៅតាមបន្ទាត់ព្រំដែន

0
523

ខេត្តត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ចើញជាអធិបតី បើកកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងច្រកព្រំដែន និងការ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នឹងសុវត្តិភាពនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ក្នុង នោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកំលាំងប្រដាប់ អាវុធ ទាំង៣ អភិបាលស្រុក និងមន្ត្រីច្រកទ្វាព្រំដែនទូទាំងខេត្តត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធសរុបប្រមាណជាង៥០នាក់។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម លី ឡេង អភិបាលខេត្ត បានឲ្យដឹងថា ៖ កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់កិច្ចសហប្រតិបត្តិការ នឹងការអភិវឌ្ឍន៍តាមបណ្ដាយបន្ទាត់ព្រំដែនរវាងខេត្តត្បូងឃ្មុំ និងប្រទេសជិតខាង ដើម្បីទប់ស្កាត់រាល់បទល្មើសនៅតាមបន្ទាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាពនូវផលប៉ះពាល់នានាជាអវិជ្ជមាន។

ឯកឧត្តម បន្តថា ៖ ខេត្តត្បូងឃ្មុំ កន្លងមកសភាពការណ៍ មានលក្ខណៈល្អប្រសើរ បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ម្យ៉ាងទៀត សភាពការណ៍ តាមតំបន់ព្រំដែន ក៏មានការភាពស្ងាប់ស្ងាត់ប្រកបដោយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ផងដែរ។

ឯកឧត្តម សង្កត់ធ្ងន់ថា រាល់បទល្មើសនៅតាមបន្ទាត់ព្រំដែនក៏ដូចជានៅក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការគ្នាបង្ក្រាបនិងទប់ស្កាត់ភ្លាមៗ រាល់សកម្មភាពដែលបង្កអោយមានភាពអសន្តិសុខ គ្មានសណ្ដាប់ធ្នាប់ ជាពិសេសបទល្មើសឆ្លងដែន និងរាល់ទំនិញចេញចូល ខុសច្បាប់នានាផងដែរ។

ឯកឧត្តម លី ឡេង បានផ្ដាំផ្ញើដល់មន្រ្តីនិងកងកំលាំងនៅតាមបន្ទាត់ព្រុំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសភាពការណ៍ នៅតាមតំបន់ព្រំដែនឲ្យបន្តស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ តាមរយៈការបង្កើតវិធានការប្រមែប្រមូលព័ត៌មានជាប្រចាំ ដើម្បីមានវិធានការទាន់ពេលក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព៕

Facebook Comments
Loading...