លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីប្រគេន-ប្រគល់សញ្ញាបត្របរិញ្ញាបត្រដល់សមណនិស្សិត-និស្សិត ចំនួន ២៦១អង្គ/នាក់

0
898

កំពង់ចាម៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគេន-ប្រគល់ សញ្ញាបត្រ បរិញ្ញាបត្រ ដល់សមណនិស្សិត-និស្សិត ចំនួន ២៦១អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពិធីបើក បវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩ នៅសាលាខេត្តកំពង់ចាម ថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានមាន ប្រសាសន៍ ថា ៖ ក្រោម ការដឹកនាំប្រកបដោយកិត្តិបណ្ឌិតេបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ លើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំក៏ជាវិស័យអាទិភាពផងដែរ ។ ក្នុងនោះផងដែរ រាជារដ្ឋាភិបាលក៏បានខិតខំពង្រឹង និងពង្រីកវិស័យពុទ្ធិកសិក្សា ទាំងបរិមាណ និងគុណភាព តាមរយៈការបញ្ចូលក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាល ទី៥ នៃរដ្ឋសភា ដែលបានចែងថា «បន្តគោរពសេរីភាព ខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ជាពិសេសការបន្តពង្រឹង និងពង្រីកពុទ្ធិកសិក្សានៅគ្រប់កម្រិត ការបោះពុម្ពផ្សព្វផ្សាយគម្ពីរដីកា ក្បួនច្បាប់នានា និងកិច្ចប្រតិបត្តិធម្មវិន័យ ទន្ទឹមនេះគាំទ្រសកម្មភាព នៃសាសនាផ្សេងៗទៀតក្នុងសង្គម»។

តាមរយៈ ព្រះសង្ឃជាស្រែបុណ្យ នាងខ្ញុំបានអំពាវនាវដល់ សមណនិស្សិត និស្សិត និងប្រជាពលរដ្ឋខ្មែរ គ្រប់រូបត្រូវនិមន្ត និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃ ២៩ ខែកក្កដា ឆ្នាំ២០១៨នាពេល ខាងមុខកុំបីខាន និងគាំទ្រសម្តេចតេជោជាបេក្ខភាព ជានាយករដ្ឋមន្រ្តីនៅអាណត្តិទី ៦ និងអាណត្តិបន្តបន្ទាប់ទៀត និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី ២០ ដើម្បីឲ្យសម្តេចបានបន្តដឹកនាំប្រទេសឆ្ពោះទៅ រកការអភិវឌ្ឍន៍ បន្ថែមទៀតនិងបានប្រកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩សម្រាប់ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីពេលនេះតទៅ ។

លោកជំទាវក៏បាននាំយកថវិករបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគេន និងប្រគល់ជូន ដល់សមណនិស្សិត និស្សិតជ័យលាភីចំនួន ២៦១អង្គ/នាក់ និង សមណនិស្សិត និស្សិត កំពុងសិក្សា ចំនួន ៦២៧អង្គ/នាក់ សរុបទាំងអស់ ៨៨៨អង្គ/នាក់ និងប្រគេនជូន ដល់ពុទ្ធិក សាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ទុកចាត់ចែងក្នុងកម្មវិធីផងដែរ។
ជាទីបញ្ចប់ លោកជំទាវក៏បានផ្តល់កិត្តិយស ប្រគេន និងប្រគល់ជូននូវសញ្ញាបត្រចំនួន ២៦១ ដល់សមណនិស្សិត និស្សិតដោយផ្ទាល់ និងបានថតរូបអនុស្សាវរីយ៍ ប្រកបដោយបរិយាកាសរីករាយជាទីបំផុត ៕

Facebook Comments
Loading...