អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្ដុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តី និងបុគ្គលិកលើជំនាញផលិតវីដេអូ និងបទយកការណ៍

0
570

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នាស្នាក់ការអាជ្ញាធរជាតិអប្សរា វគ្គបណ្ដុះបណ្តាលពីជំនាញផលិតវីដេអូ និងបទយកការណ៍ដល់មន្រ្តី និងបុគ្គលិកនៅនាយកដ្ឋានផ្សព្វផ្សាយត្រូវបានចាប់ផ្តើម។ វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០១៨ រៀបចំឡើងក្នុងបំណងដើម្បីពង្រឹងការផលិតវីដេអូ និងបទយកការណ៍ បម្រើដល់ប្រយោជន៍ក្នុងការផ្សាយចេញនូវសមិទ្ធិផលនានាអាជ្ញាធរជាតិអប្សរាឲ្យកាន់តែទូលំទូលាយ។ សិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្តាលនេះ គឺជាមន្រ្តី និងបុគ្គលិកនាយកដ្ឋានផ្សព្វផ្សាយចំនួន១៣នាក់ និងមន្ត្រីសាលាខេត្តកំពង់ធំចំនួន០៤នាក់ សរុបមានចំនួន ១៧នាក់។

គ្រូបង្គោលនៃវគ្គបណ្ដុះបណ្តាលនេះ គឺលោក ជា ផានិត មន្រ្តីព័ត៌មាននៃក្រសួងព័ត៌មាន និងជាអ្នកជំនាញផ្នែកផលិតវីដេអូ និងបទយកការណ៍យ៉ាងប៉ិនប្រសព្វ។ ក្រៅតែពីការយល់ដឹងទ្រឹស្តី សិក្ខាកាម នឹងជ្រើសរើសយកប្រធានបទមួយចំនួនដើម្បីអនុវត្តន៍ជាក់ស្ដែង។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្តាលថា ការផ្តល់ចំណេះដឹងនិងបទពិសោធន៍បន្ថែមដល់សិក្ខាកាមទាំងអស់គឺជាសកម្មភាពក្នុងការលើកកម្ពស់ចំណេះដឹងបច្ចេកទេសជំនាញ ដែលចំណេះដឹងទាំងនេះជាធនធានដ៏សំខាន់ក្នុងការច្បិចយកប្រធានបទសំខាន់ៗនៃការងារជាច្រើនរបស់ស្ថាប័ន ហើយរំលេចខ្លឹមសារហទាំងនោះដើម្បីផ្សព្វផ្សាយឲ្យបានសីុជម្រៅនិងទាន់ពេលវេលា។ បន្ថែមពីនេះ លោករំពឹងថាមន្រ្តី និងបុគ្គលិកដែលទទួលបន្ទុកផ្នែកព័ត៌មាន វីដេអូ និងបទយកការណ៍ កាន់តែមានលទ្ធភាពអាចផលិតព័ត៌មានគ្រប់ទម្រង់ សំដៅធ្វើយ៉ាងណាពាំនាំព័ត៌មាន ព្រឹត្តិការណ៍សំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជនបានដឹង៕

Facebook Comments
Loading...