កម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរជាផ្នែកមួយជំរុញអោយការគ្រប់គ្រងបរិស្ថានក្នុងឧទ្យានអង្គរមាននិរន្ដរភាព

0
1136

កម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរ ជាកម្មវិធីសម្រាប់អប់រំកុមារតូចឱ្យយល់ដឹងពីការថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដោយស្ថាប័នធានាគុណភាពជប៉ុន (Japan Quality Assurance Organization= JQA) សហការជាមួយអាជ្ញាធរជាតិអប្សរា និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប។ គោលបំណងនៃកម្មវិធីអប់រំនេះ គឺដើម្បីបណ្ដុះគំនិតកុមារទៅលើការថែរក្សាបរិស្ថាន ជំរុញឱ្យការគ្រប់គ្រងបរិស្ថានអង្គរមាននិរន្ដរភាពជានិរន្ដន៍។

លោក SATORU KISHINO មន្រ្តីទទួលបន្ទុកអប់រំបរិស្ថានចំពោះកុមារ នៃស្ថាប័ន JQA បានឱ្យដឹងថា ស្ថាប័នជប៉ុន JQA បានចូលមកធ្វើការជាមួយអាជ្ញាធរជាតិអប្សរាទៅលើការងារអប់រំកុមារ ចាប់ពីឆ្នាំ២០១១មក។ លោកថា ការអប់រំបរិស្ថានពិតជាមានសារសំខាន់ណាស់ លើការងារគ្រប់គ្រងបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ លោកពន្យល់ថា គេត្រូវបណ្ដុះគំនិតឱ្យកុមារយល់ដឹងពីការថែរក្សាបរិស្ថាន ការគ្រប់គ្រងបរិស្ថានចាប់ពីពួកគេនៅតូចៗទៅ ដើម្បីឱ្យគំនិតនេះរីកដុះដាលនៅពេលពួកគេធំដឹងក្ដី។ លោកបន្ថែមថា គោលបំណងរបស់កម្មវិធីអប់រំនេះ គឺធ្វើយ៉ាងណា រក្សារមណីយដ្ឋានអង្គរឱ្យនៅបន្តជារមណីយដ្ឋានដែលមាន បរិស្ថាន វប្បធម៌ និងសហគមន៍ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្ដរភាពសម្រាប់អ្នកជំនាន់ក្រោយ។

នៅក្នុងការអនុវត្តកម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថាននេះ ស្ថាប័ន JQA បានជ្រើសយកវិធីមួយដែលជាគោលគំនិតនៃស្ដង់ដាអន្ដរជាតិ ISO14001 ដាក់ជាស្នូលនៃការអប់រំ ពោលគឺគោរពទៅតាមក្បួន PDCA =Plan,Do,Check,Act មានន័យថា គិត ធ្វើ តាមដាន និងពិនិត្យឡើងវិញ ដោយចាប់ផ្តើមពីការដាក់គោលដៅ រួចហើយចាប់អនុវត្ត បន្ដដោយធ្វើការតាមដាន និងពិចារណាសារជាថ្មី ហើយសកម្មក្នុងការកែតម្រូវ កែលម្អជាបន្ដបន្ទាប់។ លោក SATORU KISHINO ថា ក្បួននេះ ជាជំនួយឱ្យកុមារចេះគិតដោយខ្លួនឯង ភ្ញាក់រឮកអំពីបញ្ហាបរិស្ថាន ថាជាបញ្ហាផ្ទាល់ខ្លួន របស់ផ្ទះខ្លួន សាលាខ្លួន ភូមិខ្លួន តំបន់ខ្លួន ហើយត្រិះរិះរកវិធីដោះស្រាយដោយខ្លួនឯង និងចេះរួបរួមគ្នាធ្វើសកម្មភាពទៅតាមឆន្ទៈរបស់ខ្លួន។

ជារៀងរាល់ឆ្នាំ ស្ថាប័ន JQA បានជួយឧបត្ថម្ភដល់អាជ្ញាធរជាតិអប្សរា ដោយបញ្ជូនអ្នកជំនាញការរបស់ខ្លួន បើកសិក្ខាសាលាទាក់ទងនឹងការថែរក្សាបរិស្ថានជូនមន្រ្ដីរដ្ឋបាលស្រុក-ខេត្ត និងក្រុមហ៊ុនពាណិជ្ជកម្មទេសចរណ៍ មានសណ្ឋាគារ និងភោជនីយដ្ឋានជាដើម ដើម្បីឱ្យពួកគេចូលរួមចំពោះការងារថែរក្សាបរិស្ថានអង្គរនេះ។ ចាប់ពីឆ្នាំ២០១១មក ស្ថាប័ន JQA បានធ្វើសកម្មភាពអប់រំកុមារនៅតាមសាលាក្នុងរមណីយដ្ឋានអង្គរ ដែលរៀននៅថ្នាក់ទី៥ និងទី៦ ឱ្យពួកគេយល់ដឹងបន្ថែមពីបញ្ហាបរិស្ថាន និងសង្ឃឹមថា ការចូលរួមរបស់កុមារនឹងធ្វើឱ្យចលនានេះរីកសាយភាយទៅដល់គ្រួសារ ដល់ភូមិ-ឃុំ រហូតដល់សហគមន៍ក្នុងតំបន់ទាំងមូល ក្លាយជាគំរូល្អមួយសម្រាប់ប្រទេសកម្ពុជាទៅអនាគតជាពុំខាន។

ទោះជាស្ថាប័ន JQA មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សរា ទាំងទៅលើការងារផ្តល់វិញ្ញាបនបត្រស្ដង់ដា ISO 14001 និងការងារអប់រំបរិស្ថានកុមារបែបណាក្ដី ក៏ស្ថាប័ននេះមានបំណង ចង់ឱ្យអាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នជាតិ អាចបន្ដការងារនេះបានដោយខ្លួនឯង និយាយឱ្យខ្លីគឺដើរតួជាតួឯកជំនួសស្ថាប័ន JQA ដោយស្ថាប័ននេះសុំធ្វើជាតួរង ឬតួរាយវិញ។ នេះជាការលើកឡើងរបស់លោក SATORU KISHINO អំពីបំណងក្នុងរយៈពេល៣ឆ្នាំទៅមុខ។ លោកពន្យល់ថា ទាំងអាជ្ញាធរជាតិអប្សរា និងមន្ទីរអប់រំ យុវជន និងកីឡា ដែលសហការរៀបចំកម្មវិធីបណ្ដុះកុមារថែរក្សាបរិស្ថាន សុទ្ធសឹងមានបទពិសោធន៍ច្រើននារយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយស្ថាប័នលោកចង់ឱ្យខ្មែរធ្វើការងារនេះដើម្បីខ្មែរដោយខ្លួនឯង ដូចការលើកឡើងរបស់លោកសាស្ដ្រាចារ្យ យ៉ូស៉ីអាគី អ៉ីស៉ីសាវ៉ា នៃសាកលវិទ្យាល័យ សូហ្វីយ៉ា ដែលមានប្រសាសន៍ថា «អប់រំកូនខ្មែរ ដោយដៃខ្មែរ ដើម្បីខ្មែរ»។

ក្នុងរយៈពេលចុងក្រោយដែលលោក SATORU KISHINO មកកម្ពុជា លោកសង្កេតឃើញថា បញ្ហាបរិស្ថានក្នុងតំបន់អង្គរមានភាពល្អប្រសើរ ទាំងការគ្រប់គ្រងសំរាមក៏ល្អជាងមុន ហើយការគ្រប់គ្រងភ្ញៀវទេសចរក៏ល្អប្រសើរផងដែរ។ ទាក់ទងនឹងកុមារវិញ លោកសង្កេតឃើញថា ពួកគេមានការយកចិត្តទុកដាក់ ចង់ចេះ ចង់ដឹង តាមរយៈក្រសែភ្នែករបស់ពួកគេ ហើយនេះជាលទ្ធផលល្អក្នុងការអប់រំកុមារនៅតំបន់អង្គរ៕

Facebook Comments
Loading...