បុរាណវិទូ៦ប្រទេសបានទទួលការបណ្តុះបណ្តាលស្តីអំពីថ្មនិងកុលាលភាជន៍នៅអាជ្ញាធរជាតិអប្សរា

0
23249

អាជ្ញាធរជាតិអប្សរាបានក្លាយជាម្ចាស់ផ្ទះក្នុងការបើកវគ្គបណ្តុះបណ្តាលស្តីអំពីរចនាសម្ព័ន្ធថ្មនិងបច្ចេកទេសធ្វើកុលាលភាជន៍ ដល់អ្នកស្រាវជ្រាវបុរាណវិទ្យា៦ប្រទេសនៅអាស៊ីអាគ្នេយ៍ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨។ វគ្គសិក្សានេះមានសិក្ខាកាមចំនួន១៧នាក់ គឺខ្មែរ៩នាក់ មកពីអាជ្ញាធរជាតិអប្សរា សម្បូរព្រៃគុក ព្រះវិហារ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងនិស្សិតបុរាណវិទ្យានៃសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ និងបរទេស៨នាក់ មកពីសិង្ហបុរី តៃវ៉ាន់ ថៃ ភូមា និងវៀតណាម។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរានិងជាអ្នកសម្របសម្រួលកម្មវិធីបានឱ្យដឹងថា សិក្ខាសាលានេះជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងវិទ្យាស្ថាន Smithsonian សហរដ្ឋអាមេរិក។ សិក្ខាសាលានេះបង្រៀនដោយគ្រូជំនាញ Petrography មកពីសាកលវិទ្យាល័យ Arizona និង Delaware។

លោក ដារិទ្ធ បញ្ជាក់ថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បុរាណវិទូ ព្រោះធ្វើឱ្យយើងដឹងពីបច្ចេកទេសធ្វើកុលាលភាជន៍សម័យបុរាណ ដឹងពីធាតុផ្សំដែលយកមកធ្វើកុលាលភាជន៍ ធាតុផ្សំនៃថ្មនៅក្នុងតំបន់អង្គរ រួមទាំងថ្មផ្សេងៗនៅក្នុងពិភពលោកតាមរយៈការពិនិត្យដោយម៉ាស៊ីនមីក្រូទស្សន៍ដ៏ទំនើប។ លោកក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថាន Smithsonian ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរាក្នុងការបណ្តុះបណ្តាលធនធានមនុស្សដល់ទៅ៣លើក គឺលើកទី១ នៅឆ្នាំ២០១៣៖ បានបណ្តុះបណ្តាលអំពីការស្រាវជ្រាវឡបុរាណសម័យអង្គរ។ ទី២នៅឆ្នាំ២០១៤៖ កម្មវិធីថែរក្សានិងទុកដាក់វត្ថុបុរាណឱ្យបានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ។ ទី៣នៅឆ្នាំ២០១៨នេះ៖ សិក្សាអំពីរចនាសម្ព័ន្ធថ្មនិងបច្ចេកទេសធ្វើកុលាលភាជន៍ខ្មែរនិងពិភពលោក។ លើសពីនោះ អង្គការ Friends of Khmer Culture (FOKCI) តាមរយៈស្ថាប័ន Smithsonian បានប្រគល់ជូនម៉ាស៊ីនមីក្រូ ទស្សន៍មួយគ្រឿង ឯកសារ សៀវភៅ និងសម្ភារៈមន្ទីរពិសោធន៍ដល់អាជ្ញាធរជាតិអប្សរាសម្រាប់ប្រើប្រាស់ក្នុងការស្រាវជ្រាវទៅថ្ងៃក្រោយ។

អ្នកស្រីសាស្ត្រាចារ្យ Louise Cort អ្នកអភិរក្សកុលាលភាជន៍នៅសារមន្ទីរ Freer Gallery of Art និង Arthur M.Sackler នៃសាកលវិទ្យាស្ថាន Smithsonian ក្នុងរដ្ឋ Washington DC បានបញ្ជាក់ពីគោលបំណងនៃវគ្គសិក្សា គឺដើម្បីកសាងសមត្ថភាពរបស់អង្គភាពកុលាលភាជន៍អង្គរ និងបណ្តុះ បណ្តាលអ្នកស្រាវជ្រាវនៅតំបន់អាស៊ីអាគ្នេយ៍។ សិក្ខាកាមត្រូវបានចែកចេញជាពីរក្រុម ហើយប្តូរ វេនគ្នាសិក្សា។ ក្រុមទី១ បង្រៀនដោយសាស្រ្តាចារ្យ Pamela Vandiver សិក្សាអំពីទំហំកម្ទេចដី ការដុតកំដៅកុលាលភាជន៍សីតុណ្ហភាពទាប ភាពរឹងនៃភាជន៍ (Mohs hardness collection) ការហាលដីឥដ្ឋដើម្បីមើលពីការបាត់បង់ជាតិទឹកក្នុងដីឥដ្ឋ រចនាសម្ព័ន្ធដី ធាតុផ្សំដីឥដ្ឋ ការដុតកំដៅ ការកកើតកញ្ចក់ និងស្រទាប់រលោង។ ក្រុមទី២ បង្រៀនដោយសាស្ត្រាចារ្យ Chandra Reedy អំពីរបៀប មើលធាតុផ្សំរ៉ែផ្សេងៗក្នុងថ្ម និងភាជន៍តាមរយៈមីក្រូទស្សន៍ និងរបៀបវិភាគធាតុផ្សំក្នុងភាជន៍ផុយ និងភាជន៍រឹង។ លើសពីនោះ គាត់បានបង្ហាញអំពីធាតុផ្សំក្នុងថ្មដែលធ្វើប្រាសាទបន្ទាយស្រី តាកែវ ភ្នំក្រោម បាភួន អង្គរវត្ត និងបាយ័ន និងធាតុផ្សំធ្វើភាជន៍មកពីឡសម័យអង្គរ។ សរុបមក វគ្គសិក្សានេះ បង្រៀនសិក្ខាកាមឱ្យយល់ដឹងអំពីការប្រែប្រួលរបស់ដីឥដ្ឋពេលមើលតាមមីក្រូទស្សន៍ ហើយវាក៏ធ្វើឱ្យអ្នកបុរាណវិទូឬអ្នកវិទ្យាសាស្ត្រអាចមើលធ្លុះដល់ផ្នែកខាងក្នុងនៃភាជន៍ ឱ្យដឹងថាវាមានផ្ទុកសារធាតុរ៉ែអ្វីខ្លះ ដើម្បីយើងអាចប្រៀបធៀបទៅនឹងភាជន៍ផ្សេងៗថាប្រើធាតុផ្សំដូចគ្នាឬខុសគ្នា។ បន្ទាប់មក យើងអាចដឹងថាតើភាជន៍ទាំងនោះផលិតនៅកន្លែងតែមួយឬផ្សេងគ្នា ហើយក៏ដឹងពីសីតុណ្ហភាពដែលគេប្រើដុតភាជន៍ទាំងនោះដែរ ដែលធ្វើឱ្យយើងយល់ដឹងកាន់តែច្រើនអំពីការផលិតកុលាលភាជន៍របស់ឡបុរាណខ្មែរសម័យមុន។

លោកស្រីសាស្ត្រាចារ្យ Louise Cort ក៍បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាជ្ញាធរជាតិអប្សរាដែលបានបង្កើតឱ្យមានអង្គភាពកុលាលភាជន៍អង្គរ ដែលបានគាំទ្រសកម្មភាពអ្នកស្រាវជ្រាវភាជន៍នៅតំបន់អង្គរ ជាពិសេសបានថែរក្សាភាជន៍ដែលបានរកឃើញពីការកំណាយ គឺមិនមែនសម្រាប់តែបច្ចុប្បន្ន តែសម្រាប់អនាគតផង។

បុគ្គលិកនៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ ផ្នែកក្រុមអភិរក្សកុលាល ភាជន៍ខ្មែរ អ្នកស្រី ស៊ឹង ស្រីទូច បានឱ្យដឹងថា វគ្គសិក្សានេះគឺបង្រៀនយ៉ាងច្រើនអំពីការវិភាគនិងធាតុផ្សំនៃថ្មនិងកុលាលភាជន៍តាមមីក្រូទស្សន៍ ដោយការអនុវត្តផ្ទាល់ ការបង្រៀនតាមការបញ្ចាំងស្លាយ និងតាមឯកសារពាក់ព័ន្ធផ្សេងៗ។ វាជាការលំបាកបន្តិចសម្រាប់អ្នកស្រី ព្រោះពាក្យបច្ចេកទេសថ្មីៗ និងប្រើភាសាអង់គ្លេស តែវាពិតជាល្អសម្រាប់ការងារសព្វថ្ងៃនេះក្នុងនាមជាអ្នក អភិរក្សកុលាលភាជន៍មួយរួប។ លោក AARON Kao មន្ត្រីស្រាវជ្រាវមកពីមជ្ឈមណ្ឌល Nalanda srivijaya ប្រទេសសិង្ហបុរី បានសម្តែងនូវការរីករាយដែលលោកត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវគ្គសិក្សាដ៏មានសារៈសំខាន់មួយនេះ ដោយបានរៀនពីទម្រង់របស់ថ្ម រៀនកំណត់សម្គាល់ធាតុផ្សំនៃការផលិតភាជន៍ និងបច្ចេកទេសនៃការផលិតរបស់វា។ នៅក្នុងការសិក្សា៥ថ្ងៃ វាមានការលំបាកខ្លះ តែដោយសារលោកធ្លាប់រៀនពីមុនមក ទើបធ្វើឱ្យលោកយល់កាន់តែច្រើនក្នុងពេលសិក្សា ពិសេសបន្ថែមចំណេះដឹងក្នុងការស្រាវជ្រាវរបស់លោកកាន់តែស៊ីជម្រៅជាងមុន។ បន្ទាប់ពីបញ្ចប់វគ្គសិក្សា ឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានចូលរួមថ្លែង សុន្ទរកថាបិទវគ្គសិក្ខាសាលា ដោយបានថ្លែងអំណរគុណដល់សាស្ត្រចារ្យនិងជំនួយការដែលបានខិតខំបង្ហាត់បង្រៀនដល់សិក្ខាកាម និងបានផ្តែផ្តាំអោយសិក្ខាកាមយកចំណេះដឹងនេះទៅអនុវត្តក្នុងជំនាញរបស់ខ្លួនបន្ថែមទៀត។ សាស្ត្រាចារ្យ Louise Cort ក៍បានស្នើអោយសិក្ខាកាមទាំងអស់នៅបន្តទំនាក់ទំនងគ្នា និងចែករំលែកចំណេះដឹងគ្នាតទៅមុខទៀតតាមរយៈប្រព័ន្ធអ៊ីនធើណិត ហើយសង្ឃឹមថានឹងមានវគ្គបណ្តុះបណ្តាលក្រោយៗទៀត។

ចុងបញ្ចប់ ឯកឧត្តម ហង់ ពៅ លោកជំទាវ ម៉ម វណ្ណរតន៍ និងសាស្ត្រាចារ្យ Louise Cort បាន ប្រគល់វិញ្ញាប័នប័ត្រដល់សិក្ខាកាមទាំង១៧ រូប ព្រមទាំងសាស្ត្រាចារ្យ និងជំនួយការ ចំនួន៦រូប៕





Facebook Comments
Loading...