ត្រយ៉ងចង្កំកសចំនួន០៦សំបុក រកឃើញនៅក្នុងដែនជម្រក សត្វព្រៃគូលែន ព្រហ្មទេព

0
607209

ខេត្តព្រះវិហារ (ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨) – ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន សហគមន៍ទេសចរណ៍ធម្មជាតិ ត្មាតប៉ើយ និងអង្គការWCS បានរកឃើញត្រយ៉ងចង្កំកស (White-shouldered Ibis, Pseudibis davisoni) ចំនួន០៦សំបុកក្នុងក្បែរភូមិ ត្មាតប៉ើយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព។ ការការពារសំបុកពងកូនត្រយ៉ងចង្កំកសនេះ គឺជាជំហានដ៏សំខាន់មួយ ដើម្បីថែរក្សាប្រភេទសត្វដ៏កម្រនេះកុំឲ្យបាត់បង់។

FB_IMG_1520322933060

នៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព សមាជិកសហគមន៍ចូលរួម ត្រួតពិនិត្យ និងការពារសំបុកពងកូនរបស់សត្វត្រយ៉ងយក្ស និងត្រយ៉ង ចង្កំកស និងទទួលបានប្រាក់លើកទឹកចិត្តតាមរយៈមូលនិធិអភិវឌ្ឍន៍ សហគមន៍ត្មាតប៉ើយ សហការជាមួយអង្គការWCS និងមជ្ឈមណ្ឌល សំ វាសនា។ ភ្ញៀវទេសចរដែលបានទៅកាន់សហគមន៍ទេសចរណ៍ ធម្មជាតិត្មាតប៉ើយ ហើយបានឃើញនូវសត្វត្រយ៉ងទាំងពីរប្រភេទនេះ ត្រូវបង់ថវិកាបន្ថែមទៅក្នុងមូលនិធិអភិវឌ្ឍន៍សហគមន៍ត្មាតប៉ើយ ហើយថវិកានេះដែរគ្រប់គ្រងដោយគណៈកម្មការទេសចរណ៍ធម្មជាតិភូមិ ត្មាតប៉ើយ។ ថវិកានេះជួយធានាដល់និរន្តរភាពនៃការងារអភិរក្សប្រភេទ សត្វ ស្លាបរងគ្រោះ និងសំខាន់ៗនៅកម្ពុជា។

លោក ឌឹប គឹមអោន ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព និយាយថា៖ “យើងរីករាយខ្លាំងណាស់ចំពោះការរកឃើញសំបុកត្រយ៉ងចង្កំកសនេះ ពីព្រោះពួកវាគឺជាប្រភេទសត្វស្លាបដ៏សំខាន់ដែលភ្ញៀវទេសចរចង់ទស្សនា។ សមាជិកនៅក្នុងសហគមន៍ភាគច្រើនសុទ្ធតែបានយល់ច្បាស់អំពីសារៈ សំខាន់ និងតម្លៃនៃការការពារសត្វព្រៃទាំងអស់ដោយសារតែភាពជោគជ័យ នៃគម្រោងទេសចរណ៍ធម្មជាតិ។”

លោក គឹមអោន បានបន្តថា៖ “ចាប់តាំងពីឆ្នាំ២០១៣មក ភ្ញៀវទេសចរជា មធ្យម២៤០នាក់ បានធ្វើដំណើរមកកាន់ភូមិត្មាតប៉ើយដើម្បីទស្សនា សត្វត្រយ៉ងយក្ស និងត្រយ៉ងចង្កំកសជារៀងរាល់ឆ្នាំ។ វត្តមានរបស់ ភ្ញៀវទេសចរទាំងអស់នោះ មានសារៈសំខាន់ខ្លាំងណាស់ និងបានជួយ ឲ្យពួកយើងរកប្រាក់ចំណូលបន្ថែមដើម្បីចិញ្ចឹមជីវិត និងថវិកាសម្រាប់ អភិវឌ្ឍភូមិត្មាតប៉ើយផងដែរ។ ពួកយើងប្តេជ្ញាការពារសត្វត្រយ៉ងឲ្យខាន តែបានពីព្រោះពួកវាគឺជាក្តីសង្ឃឹមនៃគម្រោងទេសចរណ៍ធម្មជាតិដែលអាចឲ្យយើងរកប្រាក់ចំណូលបានរយៈយូរអង្វែងទៅមុខសម្រាប់ការងារអភិរក្សសត្វព្រៃ។”

សត្វត្រយ៉ងចង្កំកស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទ រងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក។ ពួកវាមានរស់នៅតែ ក្នុងប្រទេសកម្ពុជា ឡាវ និងឥណ្ឌូនេស៊ីប៉ុណ្ណោះ ហើយចំនួននៅសេសសល់ របស់វាភាគច្រើនរស់នៅក្នុងប្រទេសកម្ពុជា។ ចំនួនរបស់វានៅពិភពលោក មានការធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់រយៈពេល១០០ឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្នត្រូវបានគេប៉ាន់ប្រមាណថាមានតិចជាង១ពាន់ក្បាលនៅលើពិភពលោក។ ព្រៃឈើនៅក្នុងសហគមន៍ទេសចរធម្មជាតិត្មាតប៉ើយ គាំទ្រដល់ការរស់នៅរបស់សត្វត្រយ៉ងចង្កំកសប្រមាណ៥០ក្បាលស្មើនឹង៥ភាគរយនៃចំនួនរបស់វាទាំងអស់នៅលើពិភពលោក។ ទោះយ៉ាងនេះក្តី ការបាត់បង់ទីជម្រក ការបរបាញ់ និងការរំខាន កំពុងតែគំរាមកំហែងខ្លាំង ដល់ការរស់នៅរបស់ត្រយ៉ងចង្កំកសនេះ។

លោក រ៉ស់ វ៉ាន់ ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃ គូលែន ព្រហ្មទេពនៃក្រសួងបរិស្ថាន និងអង្គការWCS បាននិយាយថា៖ “ព្រៃឈើជុំវិញសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ គឺជាទីជម្រកដ៏ សំខាន់បំផុតមួយសម្រាប់ការពងកូននៃត្រយ៉ងយក្ស និងត្រយ៉ងចង្កំកស នៅក្នុងប្រទេសកម្ពុជា។ ការយល់ដឹង និងការចូលរួមរបស់ប្រជាសហគមន៍ គឺជាគន្លឹះដ៏សំខាន់ឈានទៅរកភាពជោគជ័យសម្រាប់ការងារអភិរក្ស។”

កម្មវិធីការពារសំបុកសត្វស្លាបតំបន់ខ្ពង់រាបភាគខាងជើងទទួលបានការគាំទ្រពីមជ្ឈមណ្ឌល សំ វាសនា, សហភាពអឺរ៉ុប, Agence Française de Développement និង Margaret A. Cargill Philanthropies។

FB_IMG_1520322928157

FB_IMG_1520322931131

 

Facebook Comments
Loading...