ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់គ្មានគម្រោងជួបចរចាណាមួយរវាងសម្តេច និងអតីតមេដឹកនាំបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី ដែលជាអ្នកទោសក្បត់ជាតិ នៅប្រទេសអូស្ត្រាលី នាពេលដែលសម្តេចនឹងអញ្ជើញទៅនៅសប្តាហ៍ក្រោយនោះឡើយ។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ានាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ។ ការឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានបង្ហាញជំហរចង់ជួបចរចាជាមួយសម្តេចតេជោ។
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំទៅអូស្ត្រាលី ខ្ញុំមិនមែនជាទៅចរចាជាមួយជនក្បត់ជាតិទេ ហើយគ្មានការចរចាណាមួយ ជាមួយអ្នកកំពុងជាប់ទោសឡើយ។ រឿងតុលាការទុកឱ្យតុលាការជាអ្នកដោះស្រាយតាមផ្លូវច្បាប់។ ចំពោះអ្នកដែលកាត់សិទ្ធិធ្វើនយោបាយ ១១៨នាក់ មិនទាន់មានច្បាប់ណា ដើម្បីអនុវត្តន៍ឱ្យធ្វើនយោបាយឡើងវិញឡើយ ក្រៅកំណត់តាមចំនួនឆ្នាំ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ៖ ខ្ញុំគ្មានតម្លៃណាមួយ ទៅចរចាជាមួយអ្នកឡើយ,រូបហ៊ុន សែន អស់លោកដុតបានដុតនៅក្រៅប្រទេស ដែលវាជាផ្នែកមួយបន្ថែមសាំងលើភ្លើងហើយ អស់បានអំពាវនាវឱ្យកងទ័ពបែរកាណុងកាំភ្លើងមករាជរដ្ឋាភិបាល…..ចាំទុកឱ្យច្បាស់ ហ៊ុន សែន គ្មានថ្ងៃចរចាជាមួយជនក្បត់ជាតិ ក្បត់ប្រជាជនឡើយ ហើយក៏គ្មានបរទេសណា មកសុំសម្របសម្រួលរឿងនេះដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា គ្មានជំនួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាលើកទី២ឡើយ។ ខ្ញុំគ្មានទៅចរចាជាមួយនរណាទៀតឡើយ។ គ្មាននរណាមកគាបសង្កត់ ឬសង្កត់ក្បាល ឱ្យរដ្ឋាភិបាលប្រទេសអធិបតេយ្យ និងបូរណភាពទឹកដីពេញបរិបូរណ៌បានឡើយ។