នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥កើត ពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅ ភូមិ ព្រែកឪជ្រឹងក ឃុំ ព្រែករំដេង ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានបអញ្ជើញចូលរួមកាត់ឫស្សសីមាព្រះវិហារ វត្តជ័យមង្គល ហៅវត្តជ្រៃថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យពុទ្ធចក្រ និងអាណាចក្រត្រូវតែផ្សាភ្ជាប់នឹងគ្នាដោយវិស័យទាំងពីរនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវសៀវភៅអប់រំទូន្មាន ២ប្រភេទដែលមួយក្បាលជាសៀវភៅទូន្មានរបស់ ភិរម្យ អ៊ូ ក្រុមង៉ុយ និងមួយក្បាលទៀតជាសៀវភៅអប់រំទូន្មាន របស់ បណ្ឌិត អ៊ូ ចុង សម្រាប់ចែកជូនលោកគ្រូ អ្នកគ្រូ ចំនួន ១,០០០ នាក់ ដោយក្នុងម្នាក់ទទួលបានចំនួន ២ក្បាល ដើម្បីស្វែងយល់ពីច្បាប់ទូន្មានប្រៀន ប្រដៅផ្សេងៗ ហើយ សម្តេចតេជោ បានបោះពុម្ភចំនួន ១១ ម៉ឺន ក្បាលដើម្បីចែកជូនគ្រូទូទាំងប្រទេសផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថាកម្ពុជាមិនមានការរើសអើង ខាងជំនឿសាសនាឡើយ ជាក់ស្តែងដូចជាថ្ងៃនេះគឺជាបុណ្យរបស់ព្រះពុទ្ធសាសនា ដែលមានពុទ្ធបរិស័ទ និង បងប្អូនខ្មែរឥស្លាមចូលរួមផងដែរ។ នេះគឺជាការបង្ហាញពីសុខដុមនីយកម្មខាងសាសនា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះតំបន់នេះ គឺមាន ១៤ឃុំ តែមានវត្តអារាមរហូតដល់ទៅ ៥៤វត្ត ដែលមានន័យថា ១ភូមិមាន វត្តជិត២ទៅហើយ។
នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរ និងអំពាវនាវឲ្យប្រជាពលរដ្ឋអនុវត្តន៍នូវចំនុចសំខាន់ចំនួន ៣៖
១) សូមប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា សន្តិភាព ពីព្រោះបើគ្មានសន្តិភាពទេ គឺគ្មានការអភិវឌ្ឍឡើយ។
២)សូមឲ្យព្រះសង្ឈ យាយជី តាជី ទាំងអស់ចូលរួមអប់រំទូន្មានយុវជនកុំឲ្យប្រើប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀនមិនបានផ្តល់ផលអ្វីល្អនោះទេ។
៣)សំណូមពរព្រះសង្ឃ ជួយផ្សព្វផ្សាយ អប់រំពីទូន្មានពីគ្រោះថ្នាក់ចរាចរណ៍ ផងដែរដូចច្នេះគ្រប់សាសនាទាំងអស់អាចចូលរួមផ្សព្វផ្សាយ និងអប់រំពីគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋយើងផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនាពេលនេះ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា ។
មុនពេលអញ្ជើញកាត់ប្ញស្សីមា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសដល់សប្បុរសជនមួយចំនួនដែលបានចូលរួមចំណែកក្នុងការកសាង វត្តអារាម និង សមិទ្ធផលនានាជាច្រើននៅក្នុងទឹកដីនេះ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕