អគ្គនាយកអាជ្ញាធរជាតិអប្សរាជួបពិភាក្សាអំពីគម្រោងជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរធំជាមួយស្ថាប័ន CSA របស់ចិន

0
40055

នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានជួបពិភាក្សាការងារជាមួយតំណាងក្រុុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA អំពីលទ្ធភាពកិច្ចសហប្រតិបត្តិការជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរធំដែលអាចនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០១៨។

កិច្ចពិភាក្សានេះផ្តោតសំខាន់លើការឯកភាពផ្នែកបច្ចេកទេសរៀបចំគម្រោងក្នុងជំហានដំបូង ជាពិសេសកំណត់ទំហំនៃដំណើរការជួសជុលនិងពង្រឹងរចនាសម្ព័ន្ធទីតាំងមួយចំនួនដូចជាផ្នែកខ្លះនៃកំពែង ខ្លោងទ្វារព្រះបរមវាជវាំង និងប្រាសាទភិមានអាកាស។

ថ្លែងក្នុងជំនួបនោះ តំណាងស្ថាប័ន CSA លោក Xu Yen អនុប្រធានបណ្ឌិតសភាចិនផ្នែកបេតិកភណ្ឌវប្បធម៌ បានសម្តែងនូវសេចក្តីអរគុណដែលអាជ្ញាធរជាតិអប្សរាជានិច្ចជាកាលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងពេលកន្លងមក និងបានបង្ហាញពីជំហរដ៏រឹងមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានស្នើឲ្យភាគីចិនពិភាក្សាល្អិតល្អន់និងសហការល្អជាមួយនាយកដ្ឋានជំនាញផ្សេងៗរបស់អាជ្ញាធរជាតិអប្សរាដើម្បីឲ្យដំណើការនៃគម្រោងនេះអនុវត្តបានទៅដោយរលូន។ ម្យ៉ាងវិញទៀត ឯកឧត្តមបណ្ឌិត បានបញ្ជាក់ជូនភាគីចិនថា អាជ្ញាធរជាតិអប្សរាបានត្រៀមខ្លួនរួចរាល់អំពីកិច្ចសហប្រតិបត្តិការនេះ។

សូមបញ្ជាក់ថាស្ថាប័ន CSA នៃសាធារណរដ្ឋមានិតចិនបានចូលរួមជួសជុលប្រាសាទចៅសាយទេវតាក្នុងឆ្នាំ១៩៩៨ និងរួចរាល់នៅឆ្នាំ២០០៨។ រីឯការជួសជុលប្រាសាតាកែវចាប់ផ្តើមនៅឆ្នាំ២០០៧ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៧ខាងមុខ៕

Facebook Comments
Loading...