ម​ន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាលម្នាក់ ដែលបានបោចសក់ក្របួចអូស យុវជនម្នាក់ដែលជាតៃកុងរថយន្តធន់ធំ ត្រូវបានដាក់វិន័យហើយ

0
211

កណ្តាល ៖ ម​ន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាលម្នាក់ ដែលបានបោចសក់ក្របួចអូស យុវជនម្នាក់ដែលជាតៃកុងរថយន្តធន់ធំ ត្រូវបានដាក់វិន័យ គឺធ្វើការស្តីបន្ទោស និងកិច្ចសន្យាទទួលកំហុសការប៉ះពាល់ដល់សីលធម៌កងទ័ព ហើយធ្វើការត្រួតពិនិត្យ បញ្ជូនទៅអប់រំ និងមិនអនុញ្ញាតិឱ្យយោធិននៃកងរាជអាវុធហត្ថរូបនេះ បំពេញតួនាទី ភារកិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់ទៀតឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលចូលរួមសហការជាមួយនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដែលជាក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមការស្នើសុំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅលើដងផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ​បានបោចសក់ ហើយក្របួចអូសយុវជនម្នាក់ដែលជាតៃកុងរថយន្តធន់ធំ។ តាមរយៈវីដេអូឃ្លីបដែលចែកចាយនៅលើបណ្ដាញសង្គមពីទង្វើមិនគប្បីនេះ ត្រូវបានរងការរិះគន់ពីសំណាក់មហាជនជាខ្លាំង។ ក្រោយពីបានឃើញបែបនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានកោះហៅមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាលរូបនេះ​ ដើម្បីសួរនាំ និងត្រួតពិនិត្យជាជំហានដំបូង។ បន្ទាប់ពីបានធ្វើអធិការកិច្ច ពោលគឺនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ពីវិធានការអនុវត្តទណ្ឌកម្មវិន័យទៅលើនាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ដែលបានបំពានក្រមសីលធម៌ វិជ្ជាជីវៈខាងលើនេះ។ បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី មន្ត្រីអាវុធហត្ថ ឈ្មោះ ពៅ សាលួត ១-ធ្វើការស្តីបន្ទោស និងកិច្ចសន្យាទទួលកំហុសការប៉ះពាល់ដល់សីលធម៌កងទ័ព កិរិយាមារយាទ ដូចមានចែងក្នុងបទវិន័យទូទៅចំពោះកងយោធពលខេមរភូមិន្ទ។

២-ធ្វើការត្រួតពិនិត្យ បញ្ជូនទៅអប់រំ និងមិនអនុញ្ញាតិឱ្យយោធិននៃកងរាជអាវុធហត្ថរូបនេះ បំពេញតួនាទី ភារកិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់៕

Facebook Comments
Loading...