ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការថ្មី មជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀន គ្រឿងញៀន DTA

0
207

ភ្នំពេញ ៖ ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផកលូវការទីស្នាក់ការថ្មី មជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀន គ្រឿងញៀន DTA របស់លោកហង្ស ជឿន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិតាស្គរ សង្កាត់ពខ្លាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតិយភាពឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន។

ក្នុងរបាយការណ៍ស្វាគមន៍របស់លោកហង្ស ជឿន មជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀន គ្រឿងញៀន DTA បានឲ្យដឹងថា មណ្ឌល DTA បង្កើតឡើងតាំងពីឆ្នាំ២០០៨ គិតមកដល់ពេលនេះមានរយៈពេលជាង១៦ឆ្នាំកន្លងទៅហើយ។ – មូលហេតុនាំអោយកើត DTA ឡើងគឺជាការចៃដន្យមិនមានគ្រោងទុកឡើយ កាលពីឆ្នាំ២០០៦ ខ្ញុំបាទ មានកូនប្រុសម្នាក់បានជ្រុលខ្លួនទៅប្រើប្រាស់ និងញៀនគ្រឿងញៀន ហើយបាននាំគាត់ទៅផ្តាច់នៅមណ្ឌលស្តារនីតិសម្បទាមួយកន្លែង ជាច្រើនលើកច្រើនសារមិនអាចផ្តាច់បានឡើយ។ ថ្ងៃមួយមានមិត្តភក្តិ និង សហការីខ្ញុំមួយចំនួនបានអន្ទងបបួលអោយខ្ញុំបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទាផ្ទាល់ខ្លួន ដោយគិតថាដើម្បីគ្រប់គ្រងកូនខ្លួនឯងផង និងរួមចំណែកជាមួយសង្គមជាតិ ដើម្បី ជួយកូនក្មួយញៀនគ្រឿងញៀនឯទៀតបានចូលមកព្យាបាលផង ទើបខ្ញុំ និងភរិយាបានសម្រេចចិត្តសុំច្បាប់បង្កើតមជ្ឈមណ្ឌល DTA នេះឡើងរហូតមកដល់ពេលនេះ។

លោកហង្ស ជឿន បន្តថា ដំបូងបានជួលដីធ្វើទីស្នាក់ការតូចមួយ ស្ថិតនៅផ្លូវលំលេខ១៧៣ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញជិតផ្សារដីហ៊ុយ ដោយសារ មានក្មួយៗចូលមកព្យាបាលកើនឡើងជាលំដាប់ ឆ្នាំ២០១០ បានរើទីតាំងមកនៅក្បាលដីលេខ២១៦ ផ្លូវ៥៨បើ ភូមិដី ថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានចម្ងាយពីគ្នាប្រហែល២៥០០ម៉ែត្រប៉ុណ្ណោះ នេះជាលើកទី៣ បានប្តូរទីតាំង មកនៅ ក្បាលដីលេខ២ ផ្លូវ DTA ភូមិតាស្គរ សង្កាត់ពឡាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នាពេលនេះ។

ក្នុងពិធីសំណេះសំណាលនាពេលនោះឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា បានមានប្រសាសន៍ថា មជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀន គ្រឿងញៀន DTA របស់លោកហង្ស ជឿន បង្កើតឡើងគឺជាការធ្វើបុណ្យសម្បើមណាស់នេះបើយើងនិយាយខាងពុទ្ធចក្រ បើខាងអាណាចក្រវិញគឺបានចូលរួមចំណែកយ៉ាងធំធេងជាមួយសង្គមជាតិ ស្របតាមយុត្តិសាស្ត្របន្តប្រយុត្តប្រឆាំងគ្រឿងញៀនឲ្យបានខ្លាំងក្លាទូទាំងប្រទេសរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា បងប្អូនកូនក្មួចកុំអស់សង្ឃឹម កុំគេចពីបញ្ហា បើក្នុងក្រុមគ្រួសារណាម្នាក់មានអ្នកញៀនគ្រឿងញៀនហើយត្រូវរួមគ្នាដោះស្រាយ ហើយការមកបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀន គ្រឿងញៀន DTA ពិតជា ជាពិតប្រាកដមែន ដូច្នេះឯកឧត្តមទេសរដ្ឋមន្ត្រី លើកទឹកចិត្តឲ្យមជ្ឈ​មណ្ឌល DTA បន្តជួយបន្សាបដល់អ្នកញៀនគ្រឿងញៀនបន្ថែមទៀត៕

 

Facebook Comments
Loading...