ភ្នំពេញ ៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាមកពីសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង ជាង៥០០នាក់ ដឹកនាំដោយ ឯកឧត្តម អ៊ិត សំហេង ប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង និងលោក គឹម ឈុនអ៊ូ ជាអនុប្រធានគណៈបក្សខណ្ឌ បានមកជួបជុំគ្នា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ២០០៤ក្នុងខណ្ឌ សែនសុខនាព្រឹក ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៤ ជាមួយបណ្ដាខណ្ឌទាំង១៣ទៀត ដើម្បីសម្ដែងនូវការអបអរ សារទរមុននឹងដង្ហែក្បួនចេញ ឃោសនារកសម្លេងឆ្នោត លើកដំបូង តាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ស្រុក-ខណ្ឌ រាជធានី- ខេត្ត អណត្តិទី៤។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ិត សំហេង និង លោក សុខ សម្បត្តិ បានផ្លែងអំណរគុណដល់សមាជិកសមាជិកាដែលបានលះបង់កំលាំងកាយ កំលាំងចិត្ត និង ពេលវេលាតាំងពីដើមរៀងមក ក្នុងការចូលរួមគ្រប់សកម្មភាពរបស់គណបក្ស ដែលនេះបង្ហាញពី ឆន្ទៈដ៏មុតស្រួចក្នុងការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បានបព្ជាក់ថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដ៏ធំនិងមានវ័យចំណាស់ជាងគេនៅកម្ពុជា ធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្ដ្រជាច្រើនដំណាក់កាល និងបានតស៊ូយ៉ាង ប្ដូរផ្ដាច់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ជាក់ស្ដែង រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោហ៊ុន សែន ជាប្រមុខ កន្លងមក បានធ្វើការបង្រួបបង្រួម ផ្សះផ្សាជាតិ ធ្វើឲ្យទឹកដី កម្ពុជាទាំងមូល លែងមានតំបន់គ្រប់គ្រងផ្សេងគ្នា ប្រទេសជាតិមានសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ ដោយទទួលបានឱកាសក្នុងការ កសាងប្រទេសជាតិ មានការរីកចម្រើន ប្រជាជនមានជីវភាពធូរធារ មានកេរ្តិ៍ឈ្មោះលេចត្រដែតឡើងវិញ លើឆាកអន្តរជាតិ។ សម្រាប់អណត្តិថ្មីនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត បានខិតខំប្រឹងប្រែង បន្ដកសាងស្នាដៃ ដឹកនាំនាវាកម្ពុជា ធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ប្រកបដោយក្ដីសង្ឃឹម។ ដូចនេះ ការបន្ដគាំទ្រដល់គណបក្សប្រជាជនកម្ពុជា គឺជាការផ្ដល់ឱកាសដល់គណបក្សប្រជាជន បានបន្ដដឹកនាំ ប្រទេសជាតិ បន្ដកសាង និងអភិវឌ្ឍប្រទេស ឲ្យមានការរីកចំរើននិងរក្សាបាននូវ សន្ដិភាព ស្ថេរភាពនយោបាយ ប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខដុមរម្យនា។
ជាមួយគ្នានេះដែរ លោកសុខ សម្បត្តិ ប្រធានគណបក្សខណ្ឌ បានអំពាវនាវដល់អង្គបោះឆ្នោត ក្នុងខណ្ឌបឹងកេងកង ក៏ដូចជានៅក្នុងប្រទេសទាំងមូល ដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោ៧ព្រឹករហូតដល់ម៉ង៣រសៀល។
សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅមានរយៈពេល៨ថ្ងៃ គឺពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ខាងមុខ៕