បរទេស ៖ យោងអ្នកនាំពាក្យក្រសួងមហាផ្ទៃប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃសុក្រ(១០ឧសភា) បានឲ្យដឹងថា មនុស្សយ៉ាងតិច៥០នាក់ស្លា..ប់និងច្រើនជាង១០០នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសអាហ្គានីស្ថានក្រោយកើតមានភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តBaghlan ។
ប្រភពពីអាជ្ញាធរប្រទេសអាហ្គានីស្ថាន ឱ្យដឹងថា តួលេខមនុស្សស្លា..ប់រំពឹងនឹងកើនឡើង។ លោក Abdul Mateen Qaniee អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រទេសអាហ្គានីស្ថាន បានថ្លែងថា នៅខេត្តBaghlan មានស្រុកយ៉ាងតិច៥រងគ្រោះទឹកជំនន់ ហើយថា មនុស្សច្រើនជាង១៥០នាក់នៅជាប់ក្នុងតំបន់រងគ្រោះទឹកជំនន់ ហើយត្រូវការការជួយសង្គ្រោះជាបន្ទាន់ផងដែរ។
អ្នកនាំពាក្យដដែលបន្តថា ភ្លៀងធ្លាក់ខ្លាំងរំពឹងនឹងកើតឡើងនៅក្នុងខេត្តនេះជាបន្តទៀត។
ក្រសួងមហាផ្ទៃប្រទេសអាហ្គានីស្ថាន បានបញ្ជូនក្រុមការងារសង្គ្រោះនិងឧទ្ធម្ភាចក្រជាច្រើនគ្រឿងទៅកាន់តំបន់រងគ្រោះទឹកជំនន់ ប៉ុន្តែដោយសារមានបញ្ហាពាក់ព័ន្ធនឹងឧទ្ធម្ភាចក្រ ធ្វើឱ្យប្រតិបត្តិការសង្គ្រោះ ប្រហែលជាមិនសម្រេចបានជោគជ័យភ្លាមៗ។