ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ខ្យល់គរស្លា..ប់បន្ទាប់ពីបានចូលទៅបត់ជើងនៅក្នុងការរ៉ាស់សាំងតេលាមួយកន្លែង អស់រយៈពេលជាងមួយម៉ោង ដោយបុគ្គលិកចាក់ប្រេងមានការសង្ស័យក៍នាំគ្នាដើរទៅកៀកបន្ទប់ ហៅមិនឮគោះទ្វារមិនព្រមបើក ក៏នាំគ្នាសម្រេចធាក់ទ្វារទម្លុះចូលទៅស្រាប់តែប្រទះឃើញអង្គុយស្លា..ប់ក្នុងបន្ទប់ទឹក ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ និង៣០ នាទីល្ងាចថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ ចំណុចនៅក្នុងការ៉ាសសាំងតេលា មួយកន្លែងក្បែរប៉ុស្តិ៍នគរបាលក្រាំងធ្នង់ នៅតាមផ្លូវបេតុង ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អ៊ូ សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី មានប្រពន្ធនិងកូនប្រុស៣នាក់ រស់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានបើកកង់បីមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1JQ-8810។
បើយោងតាមការបញ្ជាក់ពីបុរសជាបុគ្គលិកចាក់ប្រេងឥន្ធនៈតេលាម្នាក់បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃរូបគាត់តែងតែឃើញបុរសរងគ្រោះ បើកម៉ូតូកង់បីយកមកចតនៅក្បែររបងមណ្ឌលសុខភាពក្រាំងធ្នង់ ទល់មុខនឹងការ៉ាស់សាំងតេលា រង់ចាំដឹកម៉ូយជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុខាងលើប្រមាណជាម៉ោង៤ជាងនារសៀលថ្ងៃ១ ខែមិនា ស្រាប់តែបុរសរងគ្រោះបានដើរមកសុំចូលបន្ទប់ទឹក ដើម្បីបត់ជើងហើយក៏បានខ្ទាស់គន្លឹះនៅខាងក្នុង។ ក្រោយមក ដោយបុគ្គលិកចាក់ប្រេងឃើញបុរសរងគ្រោះ ចូលបន្ទប់ទឹកបត់ជើងអស់រយៈពេលជាង១ម៉ោង យូរពេកក៏នាំគ្នាដើទៅស្រែកហៅនិងគោះទ្វារមិនតប ហើយក៏ពួកគេនាំគ្នាធាក់ទម្លុះទ្វារចូលទៅ ស្រាប់តែឃើញអង្គុយបាក់កស្លា..ប់បាត់បង់ជីវិត ក្នុងបន្ទប់ទឹកតែម្តងពេលនោះដែរ ពួកគេក៏ស្លន់ស្លោរួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ ពិនិត្យទៅលើសពភ្លាមៗផងដែរ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន ក៏បានរាយការណ៍ទៅជំនាញកោសល្យវិច័យរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកពិនិត្យកោសល្យវិច័យ ទៅលើសពដោយបញ្ជាក់ថា សពស្លា..ប់ដោយខ្យល់គ រួចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕