ភ្នំពេញ ៖ មានមតិសំណេះសំណាលជាមួយអាណាព្យាបាល និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាទួលសាគរ ក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកស្រីសោម សត្ថារី ក្រុមប្រឹក្សាសង្កាត់សំរោងបានលើកឡើងថា ក្មួយៗត្រូវថែរក្សាសុខភាព ធ្វើអនាម័យឱ្យបានល្អ ហើយក្មួយៗត្រូវធ្វើជាសិស្សល្អ កូនល្អ ជៀសឲ្យឆ្ងាយពីអបាយមុខឆ្សេងៗ និងត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។
បន្ទាប់ពីលោកស្រី បានអានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ មកលោកស្រី សោម សត្ថារី បានលើកឡើងថា ក្រៅពី លោកគ្រូអ្នកគ្រូបង្ហាត់បង្រៀននៅសាលា មាតាបិតាមានតួនាទីសំខាន់បំផុត ក្នុងការ អភិវឌ្ឍកុមារ នៅពេលដែលគេត្រឡប់ទៅផ្ទះវិញ ព្រោះមាតាបិតា នេះហើយជាអ្នកតាមដាន និងបំពេញ នូវចំណុចខ្វះខាតដើម្បីឲ្យកុមារទទួលបានលទ្ធផលល្អក្នុងការសិក្សា។
លោកស្រីបន្តថា កុមារទទួលយកការអប់រំតាំងពីចាប់កំណើតភ្លាមមកម្លេះ ហើយងាយចាប់យកអ្វីៗនិងងាយ ទទួល ឥទ្ធិពលផ្សេងៗបំផុត នាំឲ្យងាយរងគ្រោះ បំផុត ព្រោះកុមារឆាប់ត្រាប់ ឫុធ្វើតាមមនុស្សធំ ដែលនៅ ជុំវិញខ្លួនគេ។ ដូចនេះមាតាបិតា គឺ ជាអ្នកបង្ហាត់បង្រៀនកុមារ មុនគេបំផុតដើម្បីឲ្យ គេចៀសផុតពី ការទទួលឥទ្ធិពលមិនល្អ ពីបរិយាកាសសង្គម។
ក្នុងនោះផងដែរ លោកស្រីក៍បានផ្តាំផ្ញើដល់សិស្សានុសិស្ស ទាំងអស់ ទាំងសិស្សជ័យលាភី និងសិស្ស មិនទទួលបានលទ្ធផលល្អក្ដី ត្រូវខិតខំប្រឹង ប្រែងរៀនសូត្រកុំភ្លេច ខ្លួន ត្រូវសិក្សាពីដើមឆ្នាំទៅ ចាប់ពី ថ្នាក់ដំបូង រហូត ដល់វិទ្យាល័យ និងបន្តទៅសាកលវិទ្យាល័យទៀតឲ្យបានគ្រប់គ្នា ហើយក្នុងរដូវរងានេះប្អូនៗ ក្មួយៗត្រូវថែរក្សាសុខភាព ធ្វើអនាម័យឱ្យបានល្អ ហើយក្មួយៗត្រូវធ្វើជាសិស្សល្អ កូនល្អ និងត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។ បើទោះជាប្រទេសយើងមិនមានការឆ្លងជំងឺកូវីដ-១៩ ក្តី ក៍យើងជាកុមារតូចៗត្រូវចេះអនាម័យ រស់នៅស្អាត ហូបស្អាត ដើម្បីជៀសឆ្ងាយពីជំងឺឆ្សេងៗ៕