អាល្លឺម៉ង់គ្រោងបង្កើនជំនួយយោធាទ្វេដងដល់អ៊ុយក្រែន ក្នុងឆ្នាំ២០២៤

0
339

បរទេស ៖ រដ្ឋមន្ដ្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ពីស្ដូរៀស នៅថ្ងៃអាទិត្យសប្ដាហ៍មុន បានប្រកាសថា នៅក្នុងឆ្នាំ២០២៤នេះ អាល្លឺម៉ង់នឹងដំឡើងជំនួយយោធាទ្វេដង ដែលស្មើនឹងទឹកប្រាក់ចំនួន ៨,៥ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែនដែលកំពុងព្យាយាមបណ្ដេញកងកម្លាំងរុស្ស៊ីពីទឹកដីរបស់ខ្លួន។

ថ្លែងក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ដ្រីរូបនេះបានគូសបញ្ជាក់ថា ការធ្វើបែបនេះ គឺជានិមិត្តសញ្ញាសម្រាប់អ៊ុយក្រែនថា អាល្លឺម៉ង់មិនបានបោះបង់អ៊ុយក្រែនចោលនោះទេ បើទោះបីជាបច្ចុប្បន្នសហគមន៍អន្ដរជាតិកំពុងផ្ដោតសំខាន់លើសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ក៏ដោយ។ ផ្ទុយទៅវិញ នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយមុនពេលរដ្ឋមន្ដ្រីការពារជាតិចេញសេចក្ដីប្រកាសនេះ គេឃើញថា អាល្លឺម៉ង់គ្រោងនឹងដាក់បញ្ចូលថវិកាជំនួយយោធាទៅកាន់អ៊ុយក្រែននេះ ជាផ្នែកមួយនៃការចំណាយលើការវិស័យយោធា។

អាល្លឺម៉ង់សម្រេចគោលដៅចំណាយ ២% ដែលកំណត់ដោយអង្គការណាតូក្នុងឆ្នាំ២០២៤នេះ។ អ៊ុយក្រែនតែងទាមទារជំនួយយោធាបន្ថែមពីប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីធ្វើការវាយបកទៅលើរុស្ស៊ី និងដណ្ដើមទឹកដីមកវិញ។

Facebook Comments
Loading...