អាជ្ញាធរខណ្ឌបឹងកេងកង បន្តចុះណែនាំអាជីវករ និងរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវ៣១០ ត្រង់ផ្សារលើលូ

0
345

ភ្នំពេញ ៖ ដោយមានការគិតគូរពីសណ្តាប់ធ្នាប់សាធារណៈ សោភ័ន្ធភាពរាជធានីភ្នំពេញ និង សុខសុវត្ថិភាព សិស្សានុសិស្ស ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវសាធារណៈ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន លោក សុខ សម្បត្តិ អភិបាល នៃ គណៈអភិបាលខណ្ឌបឹងកេងកង នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានចាត់តាំង លោក ហួត លាភពិសិដ្ឋ និងលោក ជ្រុន ថេរ៉ាវង្ស អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ៣១០ ត្រង់ម្តុំអនុវិទ្យាល័យ ទួលស្លែង និងនៅផ្សារលើលូ។

យុទ្ធនាការនេះ ធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីបងប្អូនអាជីវករមានការលក់ដូរ សម្ភារៈរបស់របរប្រើប្រាស់ បន្លែផ្លែឈើផ្សេងៗ រំលោភលើចិញ្វើមផ្លូវសាធារណៈ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយ សាធារណៈ និងតែងបង្ករគ្រោះថ្នាក់ជាញឹកញាប់ដល់អ្នកធ្វើដំណើរ ជាពិសេសក្មួយសិស្សានុសិស្ស ធ្វើដំណើរចេញចូលសាលារៀនជារៀងរាល់ថ្ងៃ។

ក្នុងយុទ្ធនាការអប់រំ ណែនាំដល់អាជីវករនេះ កម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌ មិនបានអនុវត្តវិធានការច្បាប់នៅឡើយទេ ពោលគឺ គ្រាន់តែចុះណែនាំ អប់រំ ឱ្យពួកគាត់ចូលរួមរៀបចំឱ្យមានសណ្តាប់ធ្នាប់របៀបរាបរយ សោភ័ណ្ឌភាព ក្នុងមូលដ្ឋាន និងសុខសុវត្ថិភាពដល់អ្នកធ្វើដំណើរ ក៏ដូចជាក្មួយៗសិស្សានុសិស្សតែប៉ុណ្ណោះ។ ប៉ុន្តែបើសិនជាបងប្អូនអ្នកលក់ដូរ នៅតែមិនព្រមអនុវត្តតាមការណែនាំនេះទេ អាជ្ញាធរនឹងអនុវត្តតាមវិធានការច្បាប់ស្មើរភាព គឺ មិនអនុញ្ញាតិឱ្យលក់ដូរ នៅតាមទីតាំងទាំងនោះទៀតឡើយ៕

Facebook Comments
Loading...