គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ណែនាំឲ្យអាជ្ញាធរ សង្កាត់ទាំង៧បង្កើតក្រុមការងារ ទប់ស្កាត់ បញ្ហាក្មេងទំនើង និងគ្រឿងញៀន ឲ្យមានប្រសិទ្ធភាព

0
427

ភ្នំពេញ ៖ លោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាព ខណ្ឌបឹងកេងកង បានណែនាំដល់ គណៈបញ្ជាការឯកភាពសង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត លើបញ្ហាសន្ដិសុខ ក្នុងមូលដ្ឋាន ដោយធ្វើការទប់ស្កាត់និងបង្ក្រាប ឲ្យបាន បញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន ព្រោះបច្ចុប្បន្ននេះ មិនថាទីក្រុងឬជនបទទេ ក្មេងទំនើង និងគ្រឿងញៀនកំពុងកក្រើកឡើង គួរឲ្យព្រួយបារម្ភ  ។

កន្លែងណាមានក្មេងទំនើង កន្លែងនោះតែងមានបញ្ហាគ្រឿងញៀន ក្មេងទំនើងភាគច្រើនគឺជាសិស្សដែលបោះបង់ការសិក្សា សិស្សគេចសាលាមិនចូលរៀន ចំណែក ក្មេងទំនើងដែលជាយុវជន មិនមែនជាសិស្ស នៅតាមសាលា គឺមានចំនួនតិចតួចប៉ុណ្ណោះនៅក្នុងមូលដ្ឋាន ទាំងនេះគឺជាការលើកឡើងរបស់លោក សុខ សម្បត្តិ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ខណ្ឌបឹងកេងកង កាលពីរសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។

ដើម្បីទប់ស្កាត់ បញ្ហានេះឲ្យមានប្រសិទ្ធភាព លោក ប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌ បានបញ្ជាឲ្យ សង្កាត់ ទាំង៧  បង្កើតក្រុមការងារ ហើយកំណត់គោលដៅ ក្នុងមូលដ្ឋាន ឲ្យបានច្បាស់លាស់ ដែលក្នុងនោះមានសាលារៀន ទីអារាម១ចំនួន ម៉ាត២៤ម៉ោង និង ទីតាំង១ចំនួនទៀតដែលក្រុមក្មេងទំនើងតែង ណាត់ជួបគ្នានិងធ្វើសកម្មភាព ហើយសមាសភាព ក្រុមការងារនេះ មានមន្ដ្រីសង្កាត់ ប៉ុស្ដិ៍ នាយកសាលា គឺចាប់ពីសាលាបឋមសិក្សាឡើងទៅ គណៈកម្មការវត្ត  ដោយបង្កើតគ្រុបតេឡេក្រាម១ ដើម្បីមានភាពងាយស្រួលក្នុងការអនុវត្តការងារ ។ ក្រុម ការងារនេះ   ត្រូវមានរបបប្រជុំ១ខែម្ដង ឬតិចជាងនេះយោលទៅលើស្ថានភាពជាក់ស្ដែង  ដើម្បីពិនិត្យ តាមដានវាយតម្លៃ និង ចាត់វិធានការ ទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ចំពោះបញ្ហា គ្រឿងញៀន ទោះជាមិនបានបំបាត់ទាំងស្រុង ក៏ឲ្យបានកាត់បន្ថយជាបណ្ដើរៗ ដែរ ។ លោក បានបញ្ជាក់ថា សម្រាប់ការងារណា ដែលមានទំហំធំ លើសពីសមត្ថភាពក្រុមការងារ  ត្រូវរាយការមក គណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីខណ្ឌ មានវិធានការឆ្លើយតប និង ធ្វើកិច្ច អន្ដរាគមន៍ឲ្យបានទាន់ពេលវេលា។ក្រៅពីការទប់ស្កាត់និង បង្ក្រាបក្មេងទំនើង និង គ្រឿងញៀន ក្រុមការងារ ក៏ត្រូវយកចិត្តទុកដាក់លើ ការត្រួតពិនិត្យសុវត្ថិភាពចំណីរអាហារតាមសាលាផងដែរ ដើម្បីលើកកម្ពស់សុខមាលភាពសិស្សានុសិស្ស ឲ្យបានល្អប្រសើរ ។

លោក បានលើកឡើងថា កុមារ និង យុវជនគឺជាទំពាំងស្នងឫស្សី ជាសរសរទ្រូងរបស់ប្រទេសជាតិ ជាអ្នកបន្ដវេនទៅថ្ងៃអនាគត  បើអ្នកបន្ដវេនមិនល្អ ទំពាំងស្អុយនោះ មិនអាចក្លាយទៅជាឫស្សីល្អបានឡើយ ប្រទេសជាតិក៏មិនអាចរីកចម្រើនបានដែរ ។ ដូចនេះហើយ បានរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើធនធានមនុស្ស តាមរយៈ ការ បណ្ដុះបណ្ដាល អប់រំ កុមារ និង យុវជនឲ្យពួកគេ ក្លាយទៅជាកូនល្អ មិត្តល្អ និង ពលរដ្ឋល្អមានចំណេះដឹង មានវិជ្ជាជីវៈពេញបរិបូរ រួមចំណែក ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនរុងរឿងដូចអារិយ្យប្រទេស ៕

Facebook Comments
Loading...