បរទេស ៖ កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា អគ្គិភ័យបានឆាបឆេះរោងចក្រផលិតកូនហ្គោលនៅកោះតៃវ៉ាន់ សម្លាប់មនុស្សយ៉ាងតិច ៦នាក់ ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យ ៣នាក់ ដោយសារហេតុការណ៍ផ្ទុះនៅទីតាំងកើតហេតុ។
រដ្ឋាភិបាលស្រុក ពីងទុង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អគ្គិភ័យបានកើតឡើងនៅរោងចក្រផលិតកូនហ្គោ កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា និងបានឆាបឆេះពេញមួយយប់ ធ្វើឱ្យមនុស្សច្រើនជាង ១០០នាក់រងរបួស ដែលភាគច្រើនជាកម្មករ ខណៈដែលអ្នកពន្លត់អគ្គីភ័យម្នាក់ និងមនុស្សបីនាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ភ្លាមៗ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី តៃ្ស អ៊ីងវិន បានចុះទៅពិនិត្យមើលទីតាំងកើតហេតុដោយផ្ទាល់កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍នេះ និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។
ជាមួយគ្នានេះ មន្ត្រីម្នាក់នៅនាយកដ្ឋានពន្លត់អគ្គីភ័យស្រុក ពីងទុង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សារធាតុគីមី peroxide ដែលផ្ទុកនៅខាងក្នុងរោងចក្រ អាចជាមូលហេតុនៃការផ្ទុះដ៏ធំមួយ និងតូចៗជាច្រើន។ ប្រភព៖ AFP