នគរបាលរាជធានីភ្នំពេញ តាមបង្ក្រាបឃាត់ខ្លួនបានក្រុមឆក់ប្លន់៧នាក់ ក្រោយធ្វើសកម្មភាពសម្រេច៣ករណី

0
371

ភ្នំពេញ ៖ ដោយទទួលបានការយកចិត្តទុកដាក់ជម្រុញពីលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដែលស្ថិតក្រោមការដឹកនាំរបស់លោកឧត្តសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក ម៉ម សាវន នាយការិយាល័យ បានបន្តដឹកនាំបើកការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ចំពោះក្រុមជនសង្ស័យចំនួន៧នាក់ ដែលពាក់ព័ន្ធបទល្មើស នៃអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ប្លន់) ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ចំនួន៣ករណីមកហើយកន្លងមក ក្រោយពីកម្លាំងការិយាល័យជុំនាញទទួលបានសេចក្ដីរាយការណ៍ និងរបាយការណ៍ជាបន្តបន្ទាប់នូវបញ្ហាអសន្តិសុខ ពីកម្លាំងសមត្ថកិច្ចតាមបណ្ដាមូលដ្ឋានខណ្ឌ-ប៉ុស្ដិ៍ និងមជ្ឈដ្ឋានប្រជាពលរដ្ឋ បើទោះបីជា មិនទាន់ទទួលបានពាក្យបណ្ដឹង ឬមិនស្គាល់អត្តសញ្ញាណជនរងគ្រោះក៏ដោយ។

ប្រត្តិបត្តិការស្រាវជ្រាវរបស់កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ចំពោះក្រុមជនសង្ស័យទាំង៧នាក់ ដែលពាក់ព័ន្ធបទល្មើស នៃអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ប្លន់) ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនេះ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់នៅចំណុចអ៊ីឌេនហ្គាឌេន ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ នាវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

បើតាមលោក ម៉ម សាវន បញ្ជាក់នៅក្នុងរបាយការណ៍ដោយសង្ខេបចម្លើយសារភាពរបស់ក្រុមជនសង្ស័យ និងបន្ទាប់ពីបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ទាំង៧នាក់យ៉ាងដូច្នេះថា៖ ករណីទី១-អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ ពណ៌សូកូឡា ដែលក្នុងនោះមានទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៍ខៀវចំនួន១គ្រឿង និងប្រាក់ចំនួន១០០,០០០រៀល) ប្រព្រឹត្តនៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងធ្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ នាវេលាម៉ោងប្រហែល៥៖១០នាទី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ (ជនរងគ្រោះមិនបានដាក់បណ្តឹង និងមិនស្គាល់អត្តសញ្ញាណ)។ ករណីទី២-អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកដាវភ្ជង់គម្រាមប្លន់យកទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ខ្មៅចំនួន១គ្រឿង) ប្រព្រឹត្តនៅចំណុចវត្តតាំងកសាង ផ្លូវលេខ១០៥កា ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ នាវេលាម៉ោងប្រហែល៣៖១០នាទី កាលពីខែមិថុនា ឆ្នាំ២០២៣។ (ជនរងគ្រោះមិនបានដាក់បណ្តឹង និងមិនស្គាល់អត្តសញ្ញាណ)។ ករណីទី៣-អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកដាវភ្ជង់គម្រាមប្លន់យកទូរសព្ទ័ដៃម៉ាក OPPO ពណ៌ខ្មៅចំនួន១គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវកប់ស្រូវ (វិថីឈ្នះឈ្នះ) ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាវេលាម៉ោងប្រហែល៣៖០០នាទីទាបភ្លឺ កាលពីខែកក្កដា ឆ្នាំ២០២៣។ (ជនរងគ្រោះមិនបានដាក់បណ្តឹង និងមិនស្គាល់អត្តសញ្ញាណ)។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ម៉ម សាវន បានបញ្ជាក់បន្ថែមនៅក្នុងរបាយការណ៍ថា ចំពោះក្រុមជនសង្ស័យទាំង៧នាក់ ដែលសមត្ថកិច្ចតាមស្រាវជ្រាវបង្ក្រាបបានពាក់ព័ន្ធបទល្មើស នៃអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ប្លន់) ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ចំនួន៣ករណីមកហើយកន្លងមកនេះ គឺ១-ឈ្មោះ ស្រ៊ុន ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ។ ២-ឈ្មោះ លី ចិនហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ។ ៣-ឈ្មោះ អៀ សុភាព ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ។ ៤-ឈ្មោះ ភា រ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ។ ៥-ឈ្មោះ សាយ គីមសាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ។ ៦-ឈ្មោះ អ៊ុន ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកដី ស្នាក់នៅផ្ទះមិនចាំលេខ។ ជនសង្ស័យទាំង៦នាក់នេះ ស្នាក់នៅមិនឆ្ងាយពីគ្នាទេ ដោយខ្លះនៅក្នុងភូមិសែនសុខទី៤-៥-៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យចុងក្រោយទី៧-ឈ្មោះ ឌីនណាស័ក្ក ទិតា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាឯកជនអេប៊ីអាយ ថ្នាក់ទី១០ក៣ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបថា សម្រាប់សម្ភារដែលសមត្ថកិច្ចចាប់ដកហូតបានជាវត្ថុតាងនៅក្នុងរង្វង់ប្រត្តិបត្តិការតាមស្រាវជ្រាវបង្ក្រាប និងឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ចំពោះក្រុមជនសង្ស័យទាំង៧នាក់ រួមមាន៖ ១-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២ ពណ៌ស សេរីឆ្នាំ២០២០ ដែលមានលេខតួ និងលេខម៉ាស៊ីន ៧៥៤០៧១ និងគ្មានផ្លាកលេខនោះទេចំនួន១គ្រឿង។ ២-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០២១ ដែលមានលេខតួ និងលេខម៉ាស៊ីន ៣៦៦៤៩៩ និងគ្មានផ្លាកលេខនោះទេចំនួន១គ្រឿងទៀត។ ហើយបច្ចុប្បន្នជនសង្ស័យទាំង៧នាក់ និងសម្ភារដែលចាប់ដកហូតបានជាវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តរៀបចំកសាងសំណុំរឿងយ៉ាងយកចិត្តទុកដាក់ ក្នុងការត្រៀមបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ជាធរមាន៕

Facebook Comments
Loading...