សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បងប្អូន ៦ខែឆ្នាំនេះ រន្ទះបាញ់មនុស្សបណ្ដាលឲ្យស្លាប់-របួស កើនជាងឆ្នាំមុន

0
418

«ភ្នំពេញ ៖ គ្រោះ​មហន្តរាយ​ធម្មជាតិ​ដោយ​បាតុភូត​រន្ទះបាញ់ បាន​កើត​ឡើង​ជាង ៨០ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់-រង​របួស ៨៥ នាក់ ងាប់​គោក្របី ៧១ ក្បាល និង​ខូចខាត​ផ្ទះ ៥ ខ្នង ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះមានការកើនឡើង បើ​ប្រៀបធៀប​នឹង​រយៈពេល ៦ ខែ ឆ្នាំ ២០២២ កន្លង​ទៅ ដែល​មាន​អ្នក​ស្លាប់-របួស​ត្រឹមតែ ៦០ នាក់ ប៉ុណ្ណោះ។

លោក សុទ្ធ គឹម​កុល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បានឲ្យដឹង​ថា រយៈពេល ៦ ខែ​នេះ បាតុភូត​រន្ទះបាញ់​បាន​កើតឡើង ៨២ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤៦ នាក់ រង​របួស ៣៩ នាក់ ងាប់​គោក្របី ៧១ ក្បាល និង​ខូចខាត​ផ្ទះ ៥ ខ្នង។

លោក​បាន​បន្ត​ថា ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៦ ខែ​ដូចគ្នា នៅ​ឆ្នាំ ២០២២ កន្លង​ទៅ ឃើញ​ថា មាន​ការ​កើន​ឡើង ខណៈ ៦ ខែ​ឆ្នាំមុន មាន​បាតុភូត​រន្ទះបាញ់​បាន​កើតឡើង​ចំនួន ៦១ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៣២ នាក់ ស្ត្រី ៨ នាក់ រង​របួស ២៨ នាក់ ងាប់​គោក្របី ៦៩ ក្បាល និង​ខូចខាត​ផ្ទះ​ចំនួន ១១ ខ្នង។

លោក​បាន​មាន​ប្រសាសន៍​ថា ក្នុង​ការ​ទប់ស្កាត់​បញ្ហា​រន្ទះបាញ់​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គ្រោង​នឹង​រៀបចំ​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​នៅ​តាម​តំបន់​ប្រឈម​មួយ​ចំនួន​ដែល​តែងតែ​កើតមាន​នូវ​បាតុភូត​រន្ទះ​ញឹកញាប់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មនុស្ស​សត្វ​រង​របួស​ស្លាប់​ជា​បន្ត​ទៀត ពិសេស​បំពាក់​នៅ​ខេត្ត​ចំនួន ៣ មុនគេ ដែល​មាន​ករណី​រងគ្រោះ​ច្រើន​ជាង​គេ​រួមមាន ៖ ខេត្ត​សៀមរាប ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង។ ប៉ុន្តែ​មុន​នឹង​ឈាន​ទៅ​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​នេះ គណៈកម្មការ​ជាតិ​គ្រោះ​មហន្តរាយ ត្រូវ​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់លាស់ ពិសេស​ស្វែងរក​ថវិកា​ពី​ដៃគូ ក៏ដូចជា​ស្នើសុំ​ថវិកា​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ទិញ​ឧបករណ៍​ទាំងនោះ៕

Facebook Comments
Loading...