ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីដោះស្រាយទុក្ខ កង្វល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

0
417

ភ្នំពេញ ៖ ក្នុងវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុម ប្រឹក្សាខណ្ឌបឹងកង នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌល ឌីខេមីតធីង ស្ថិតក្នុងសង្កាត់បឹងកេងកង៣ តំណាងប្រជាពលរដ្ឋតាមបណ្ដាភូមិ ក្នុងសង្កាត់ បឹងកេងកង១ សង្កាត់ទំនប់ទឹក សង្កាត់អូឡាំពិក នៃខណ្ឌបឹងកេងកង បានបង្ហាញពីកង្វល់របស់ខ្លួន ដោយផ្ដោតជាសំខាន់ទៅលើ បញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន និងបញ្ហាជួសជុលកែលម្អផ្លូវ ជាបញ្ហាចំបងចំពោះមុខ។

ក្នុងឱកាសនោះតំណាងគណៈកម្មការអាចារ្យវត្តមហាមន្ដ្រីបានលើកឡើងថា នៅក្នុងវត្តមហាមន្ដ្រីបច្ចុប្បន្ននេះ មានក្មេងញៀនថ្នាំ២ក្រុម តែងចូលមកក្នុងវត្ត បង្កការអុក​ឡុក ជារឿយៗ ពិសេសនៅពេលយប់។ ក្មេងទាំងនោះបានគំរាម និងបំផ្លាញសមិទ្ធិផលនានាក្នុងវត្ត ថែមទៀតផង ដូចនេះសូមឲ្យអាជ្ញាធរខណ្ឌជួយទប់ស្កាត់និង បង្ក្រាបផង។

ចំណែកតំណាង ប្រជាពលរដ្ឋនៅសង្កាត់បឹងកេងកង១ បានសំណូមពរ ឲ្យរដ្ឋបាលខណ្ឌជួយប្ដូរអំពូលភ្លើងដែលដាច់ តាមដងផ្លូវ៣០៦ និងជួសជុលផ្លូវ លេខ៦៣ ដែលមានគ្រលុកធំៗ ជូនពួកគាត់ផងដែរ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ក្នុងការធ្វើចរាចរ។

រីឯប្រជាពលរដ្ឋនៅ សង្កាត់អូឡាំពិក បានលើកឡើងថា បច្ចប្បន្នតាមបណ្តាផ្លូវក្នុងខណ្ឌបឹងកេងកង ឃើញថាមានសភាពស្អាតល្អមិនមានសម្រាមនោរាយប៉ាយដូចមុនទៀតឡើយ តែយ៉ាងណាសូមឲ្យរដ្ឋបាលខណ្ឌមានវិធានការ ទប់ស្កាត់អ្នកមកពីក្រៅយកសម្រាមមកចោលផ្ដេសផ្ដាសក្នុងមូលដ្ឋានបឹងកេងកងយើង។

ពាក់ព័ន្ធទៅនឹងសំណូមពរក្នុងការ ស្នើសុំឲ្យទប់ស្កាត់និងបង្ក្រាបកេ្មងទំនើងញៀនថ្នាំ លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង មានប្រសាសន៍ថា បញ្ហានេះសូមឲ្យគណៈកម្មការអាចារ្យ នៅពេលដែល មានបញ្ហានេះកើតឡើង សូមរាយការណ៍មកឲ្យបានទាន់ពេលវេលា តាមរយៈទូរស័ព្ទមករដ្ឋបាលខណ្ឌ គណៈបញ្ជាការឯកភាពខណ្ឌ នឹងបញ្ជូនកំលាំង ទៅទប់ស្កាត់ និងបង្ក្រាប មិនថាយប់ឬថ្ងៃឡើយ។

ចំណែកបញ្ហាសម្រាម លោក អភិបាលខណ្ឌបានលើកឡើងថា រដ្ឋបាលខណ្ឌនឹងចាត់វិធានការ ផាកពិន័យ ដើម្បីទប់ស្កាត់ឲ្យរាងចាលអ្នកមកពីខាងក្រៅយកសម្រាមមកចោល តែមុននឹងផាកពិន័យ គឺត្រូវប្រើប្រាស់ការអប់រំជាមុនសិន តែបើពួកគាត់មិនព្រមអនុវត្តតាម យើងនឹងធ្វើការផាកពិន័យតែម្ដង។ ចំណែកការជួសជុលកែលំអផ្លូវ ប្ដូរអំពូលភ្លើង លោកអភិបាលខណ្ឌបាន ចាត់បញ្ជាឲ្យអភិបាលរងខណ្ឌ និងមន្ដ្រីជំនាញ ចុះទៅពិនិត្យជាបន្ទាន់​មិនបង្អង់ឡើយ ហើយអ្វី ដែលខណ្ឌអាចធ្វើបាន ខណ្ឌនឹងចាត់ចែងធ្វើ ហើយអ្វីដែលមានទំហំធំលើសពីសមត្ថភាព ខណ្ឌនឹងបញ្ជូនទៅថ្នាក់រាជធានីដើម្បីធ្វើការដោះស្រាយ។

លោក សុខ សម្បត្តិ បានបញ្ជាក់ថា លើសពីនេះរដ្ឋបាលខណ្ឌនឹងធ្វើការកែលម្អការផ្ដល់សេវាសាធារណៈរបស់ខ្លួន ក្នុងកំណែទម្រង់១ ដ៏ស៊ីជម្រៅ និងជាក់លាក់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕

Facebook Comments
Loading...