ក្រុមក្មេងញៀនថ្នាំតែងតែដេញកាប់អ្នកដំណើរញឹកញាប់ ក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានកម្លាំងស្នងការនគរបាលបង្ក្រាបបញ្ជូនឱ្យដេកគុក

0
254

កំពង់ឆ្នាំង ៖ ក្រុមក្មេងទំនើងញើនថ្នាំដើរលេងយប់ៗ និងបង្ករអសន្តិសុខតាមដងផ្លូវដោយដេញវាយកាប់ចាក់អ្នកដំណើរ ក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានកម្លាំងស្នងការនគរបាលខេត្តកំពង់ឆ្នាំងបង្ក្រាបបានចំនួន០៦នាក់ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់ ដែលក្រុមក្មេងទំនើងទាំងនេះ ត្រូវបាននគរបាលបង្ហាញមុខ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ពេជ រ៉ី ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រុមក្មេងៗទាំងនេះ ធ្លាប់បានធ្វើសកម្មភាពដេញកាប់អ្នកជិះម៉ូតូនៅពេលយប់ចំនួន ០៤ករណីចន្លោះថ្ងៃទី៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅក្នុងក្រុងកំពង់ឆ្នាំង និងក្នុងស្រុករលាប្អៀរ ។ លោកស្នងការរង បានបន្តថា ពួកវាសុទ្ធតែមានសារជាតិញៀនក្នុងខ្លួនជួបក្រុមនេះតាមផ្លូវគ្រាន់តែមើលមុខវាមិនបានទេដឹងតែដេញកាប់តែម្តង ។
លោកបន្ថែមថា ក្រុមក្មេងជក់ថ្នាំទាំង ០៦នាក់ សកម្មភាពដេញកាប់បង្ករបួសស្នាមលើប្រជាពលរដ្ឋ អ្នកដំណើរ ចំនួន ០៤លើក បណ្តាលឲ្យរងរបួស ០៥នាក់ស្រាលនិងខូចខាតម៉ូតូ ចំនួន០៤គ្រឿង ក្នុងក្រុងកំពង់ឆ្នាំង និងនៅក្នុងស្រុករលាប្អៀរ ។
ក្រោយពីក្រុមក្មេងញៀនថ្នាំបង្ករការអសន្តិសុខក្នុងសង្គមដោយគ្មានខ្លាចញញើតនឹងច្បាប់បែបនេះ សមត្ថកិច្ចបានស្រាវជ្រាវឈានដល់កំណត់បានមុខសញ្ញាសង្ស័យឃាត់ខ្លួនជាបន្តបន្ទាប់ រួមមាន៖ ទី១- ឈ្មោះ លន វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ,ទី២- ភោគ លីហៀង ភេទប្រុស អាយុ១៩ឆ្នាំ ,ទី៣-ឈ្មោះ រីម វិរះ ភេទប្រុស អាយុ១៨ឆ្នាំ ,ទី៤- ឈ្មោះ មាស ណារី ភេទប្រុស អាយុ១៨ឆ្នាំ ,ទី៥- ឈ្មោះ ឈន វិសាល ភេទប្រុស អាយុ១៦ឆ្នាំ និងទី៦-ឈ្មោះ ឌី ចាន់រាត្រី ភេទប្រុស អាយុ២២ឆ្នាំ ពួកគេរស់នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្ន សមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅតុលាការខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដើម្បីចំណាត់ការតាមផ្លូវច្បាប់៕

Facebook Comments
Loading...