ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយលើផ្លូវ១៥១ គួរឈប់ដើរតវ៉ាតាមផ្លូវនិងពិចារណាទទួលយកដីគោលនយោ បាយពីអាជ្ញាធររាជធានីភ្នំពេញ

0
636

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គួរឈប់ដើរតវ៉ាតាមផ្លូវសាធារណៈដែលនាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ និងពិចារណា ទទួលយកដីគោលនយោបាយពីអាជ្ញាធររាជធានីភ្នំពេញ។
នេះបើតាមការអំពាវនាវពីមន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ខណៈដែលបងប្អូនប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ រស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ កំពុងធ្វើការតវ៉ានៅចំណុចមុខក្រសួងដែនដីនគររូបនីកម្មនិងសំណង់ ដើម្បីអោយពួកគាត់អាចរស់នៅលើទីតាំងចាស់លើផ្លូវលេខ១៥១នេះដដែល។
មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់អោយដឹងថា៖ ប្រជាពលរដ្ឋ រស់នៅសំណង់មិនរៀបរយនៅលើចំណីផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ មានប្រមាណ១០០ខ្នងផ្ទះដែលប៉ះពាល់ ដល់គម្រោងពង្រីកផ្លូវ១៥១ អោយបានធំទូលាយ ដើម្បីដោះស្រាយការកកស្ទះចរាចរជូនប្រជាពលរដ្ឋ ស្របតាមការរីកចំរើនរបស់រាជធានីភ្នំពេញ។ បើទោះជាបងប្អូនបាននិងកំពុងរស់នៅមិនស្របច្បាប់លើចំណីផ្លូវសាធារណយ៉ាងណាក្តី ក៏អាជ្ញាធរបានគិតគួររៀបចំដីឡូត៌ស្របច្បាប់ ដែលនៅមិនឆ្ងាយពីទីតាំងចាស់ប្រមាណ១គីឡូម៉ែត្រ លើផ្លូវ១៥១ដដែលជូនពួកគាត់ ដែលក្នុងមួយខ្នងផ្ទះទទួលបានដី១ឡូត៌ទំហំ៤,២ម៉ែត្រគុណ២០ម៉ែត្រ ។
ចំណែកលោក ស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងផងដែរថា ចំពោះការផ្តល់ជូនដី១ឡូត៌ទំហំ៤,២ម៉ែត្រគុណ២០ម៉ែត្រនេះ ប្រជាពលរដ្ឋ២៨ខ្នងផ្ទះបានយល់ដឹងនិងឯកភាពទទួលយកដីគោលនយោបាយខាងលើ និងបានចាកចេញពីទីតាំងចាស់ ចូលទៅកាន់កាប់លើទីតាំងដីថ្មីនេះហើយ ហើយមានប័ណ្ណកម្មសិទ្ធកាន់កាប់ស្របច្បាប់អាចយកទៅដាក់ធានាគារ យកលុយមកប្រកបរបររកស៊ីបាន មិនដូចនៅកន្លែងចាស់នោះឡើយ។ ទោះជាយ៉ាងនេះក្តីក៏នៅមានប្រជាពលរដ្ឋមួយចំនួនទៀត ស្តាប់តាមការញុះញ៉ុងពីអង្គការ សង្គមស៊ីវិលមួយចំនួន ទើបបន្តការតវ៉ាជារឿយៗ ដោយមិនព្រមទទួលយកគោលនយោបាយរបស់រដ្ឋបាលរាជធានីភ្នំពេញនេះឡើយ។
លោកបន្តថា ប្រជាពលរដ្ឋដែលមករស់នៅលើដីគោលនយោបាយខាងលើ ទាំងអស់គឺមិនឯកោនោះទេ ឯកឧត្តមឃួង ស្រេង និងរូបលោកតាមជួយជានិច្ច ហើយរាល់បញ្ហាដែលបងប្អូនមានការពឹងពាក់ បើលោកអាចជួយបានលោកនិងជួយភ្លាមៗតែម្តង គឺលោកស្ម័គ្រចិត្តនៅបម្រើបងប្អូនប្រជាពលរដ្ឋជានិច្ច។ ទន្ទឹមនឹងនេះ លោកក៍សូមអំពាវនាវអោយប្រជាពលរដ្ឋពិចារណាឡើងវិញ កុំជឿលើការញុះញ៉ុងរបស់គេ ដែលនាំអោយខាតបង់ពេលវេលានិងផលប្រយោជន៍របស់បងប្អូនតែប៉ុណ្ណោះ គួរយកតម្រាប់តាមប្រជាពលរដ្ឋដែលបានឯកភាពខាងលើ៕

Facebook Comments
Loading...