ប្រជាពលរដ្ឋរិះគន់ ក្រុមហ៊ុនរាសី របស់ឧកញ៉ា ធីរិទ្ធីសី អនុញាតិឲ្យក្រុមឈ្មួញជនជាតិវៀតណាម យកសាឡង់ចំនួន០៤គ្រឿង លួចដឹកខ្សាច់ឆ្លងដែនទៅប្រទេសវៀតណាមនៅពេលយប់យ៉ាងរលូន
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងឃុំចំនួន៤ ស្ថិតក្នុងស្រុករមាសហែក មានការក្តៅក្រហាយជាខ្លាំង ដោយសារមានក្រុមហ៊ុនរាសី របស់ឧកញ៉ា ធីរិទ្ធីសី នាំក្រុមឈ្មួញជនជាតិវៀតណាមបានយកសាឡង់មកបូមខ្សាច់ លួចដឹកខ្សាច់ឆ្លងដែនទៅប្រទេសវៀតណាមនៅពេលយប់យ៉ាងរលូន ខណះក្រុមហ៊ុនលោក ឧកញ៉ា បានទទួលសិទ្ធិបូមខ្សាច់ លក់ចែកចាយក្នុងស្រុកប៉ុណ្ណោះ មិនអនុញាតិឲ្យនាំចេញឡើយ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងឃុំចំនួន៤ ស្ថិតក្នុងស្រុករមាសហែក មានការក្តៅក្រហាយជាខ្លាំង ដោយសារមានក្រុមឈ្មួញជនជាតិវៀតណាមបានយកសាឡង់មកបូមខ្សាច់លក់ បង្កឲ្យបាក់ដីកសិកម្ម និងដីលំនៅឋានរបស់ពួកគាត់ ដែលរស់នៅតាមបណ្តោយទន្លេទឹកវិលរមាសហែក ក្នុង១គ្រួសារៗចាប់ពី២៥ម៉ែត្រ ទៅជាង១០០ម៉ែត្រ។ បើតាមលោក កែវ សៀត អនុភូមិតាខុប ឃុំកំពង់ត្រាច តំណាងឲ្យប្រជាពលរដ្ឋរងគ្រោះឃុំកំពង់តាចបានឲ្យដឹងថា ករណីជនជាតិវៀតណាមបានយកសាឡង់មកចូលបូមខ្សាច់នេះ កើតឡើងរយៈពេល១ឆ្នាំហើយនិងបង្កឲ្យបាក់ដីរបស់ប្រជាពលរដ្ឋ៦ខែមកហើយ គិតមកដល់ត្រឹមថ្ងៃទី៧ធ្នូ ២០២២ នេះ។
លោកអនុភូមិបន្តទៀតថា ការបូមខ្សាច់នេះ បង្កឲ្យបាក់ច្រាំងទន្លេធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋជាច្រើនភូមិ ដែលរស់នៅតាមបណ្តោយទន្លេទាំងសងខាងទន្លេ ចាប់ពីគល់ស្ពានទឹកវឹលរហូតដល់ព្រំដែនទឹកបាត់ត្រាស់ឃុំដូង មានចំនួន០៤ឃុំគឺឃុំកំពង់ត្រាច ឃុំអំពឹល ឃុំគគីរនិងឃុំដូង។ ហើយប៉ះពាល់ខ្លាំង មាន០៣ភូមិ គឺភូមិតាខុប ឃុំកំពង់ត្រាច- ភូមិត្បែង ឃុំអំពឹល និងភូមិត្រពាំងស្គន់ ឃុំគគីរ។
បើតាមតំណាងប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិកាសាធារណៈនៅសាលាស្រុករមាសហែកដែលរៀបចំដោយក្រុមប្រឹក្សាខេត្តបានឲ្យដឹងថា ជនជាតិវៀតណាមយកសាឡង់ចូលមកបូមខ្សាច់នេះ ចាប់តាំងពីឆ្នាំ២០០៩មក ក៏ប៉ុន្តែបានធ្វើឲ្យបាក់ច្រាំងទន្លេប៉ះពាល់ដីកសិកម្មរបស់ប្រជាពលរដ្ឋខ្លាំងគឺនៅឆ្នាំ២០២២នេះ ដោយលើកឡើងថា ជនជាតិវៀតណាមមានសំណាងជាងប្រជាជនខ្មែរយើង ដោយគេដើរបូមខ្សាច់យកទៅលក់ក្នុងស្រុក និងដឹកតាមសាឡង់ឆ្លងដែនទៅប្រទេវៀតណាមយ៉ាងរលូន។ នៅពេលដែលប្រជាពលរដ្ឋតវ៉ាគេប្រាប់ថា ក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានឧកញ៉ាម្នាក់បានបង្កើតក្រុមហ៊ុនមួយឈ្មោះ«ក្រុមហ៊ុនរាសី» បានទទួលសិទ្ធិពីក្រសួងរ៉ែ និងឋាមពល បូមខ្សាច់ផ្គត់ផ្គង់ក្នុងស្រុក ដោយអាជ្ញាប័ណ្ណអនុញ្ញាតឲ្យបូមយកខ្សាច់ពីកណ្តាលទន្លេទំហំ០៦ម៉ែត្រ ។
ជាក់ស្តែងលោកឧកញ៉ាម្នាក់នេះបានឲ្យជនជាតិវៀតណាម «មិនចេះនិយាយភាសាខ្មែរសូមបីមួយម៉ាត់» យកសាឡង់ចំនួន០៤សាឡង់ពីប្រទេសវៀតណាមឆ្លងដែនចូលមករដ្ឋបាលស្រុករមាសហែក ធ្វើសកម្មភាពបូមខ្សាច់នៅក្នុងទន្លេរមាសហែកនេះ គោលដៅផ្គត់ផ្គង់ចែកចាយក្នុងស្រុក ក៏ប៉ុន្តែជនជាតិយួនបានលួចដឹកខ្សាច់ឆ្លងដែនទៅប្រទេសវៀតណាមនៅពេលយប់យ៉ាងរលូន។ ហើយមិនបានគោរពតាមច្បាប់អនុញ្ញាតនោះទេគឺ ដើរបូមតាមទំនើងចិត្ត គឺបូមជិតច្រាំងទន្លេតែម្តងទើបបង្កឲ្យបាក់ច្រាំងទន្លេ បាក់ដីកសិកម្មនិងដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលប្រជាពលរដ្ឋធ្លាប់រស់នៅបានសុខសាន្តដំណដូនតារាប់រយឆ្នាំមកហើយ ។
ទាក់ទិនករណីនេះដែរ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងនៅព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០២២ នេះថា លោកនឹងចាត់កម្លាំងចុះពិនិត្យទីតាំងវៀតណាមបូមខ្សាច់នេះ មើលអាជ្ញាបណ្ណ័ និងណែនាំឲ្យក្រុមហ៊ុនអនុវត្តតាមច្បាប់អនុញ្ញាត ប្រសិនបើ មិនអនុវត្តតាមទេ លោកនឹងសុំឲ្យក្រសួងរ៉ែនិងឋាមពលដកហូតអាជ្ញាបណ្ណ័បញ្ឈប់សកម្មភាពតែម្តង។ ហើយអ្វីដែលលោកអភិបាលស្រុកអះអាងនៅក្នុងវេទិកាផ្សព្វផ្សាយសាធារណៈនោះ ពុំមានប្រសិទ្ធិភាពទេ ក្រុមឈ្មួញជនជាតិវៀតណាមនៅតែបន្តធ្វើសកម្មភាពបូមខ្សាច់តាមទំនើងចិត្តដដែល ។
ចំពោះករណីនេះ អង្គភាពយើង មិនអាចសុំការបំភ្លឺពីក្រុមហ៊ុនរាសី បានទេព្រោះមិនមានលេខទូរសព្ទ័ទំនាក់ទំនង។ ចំណែកលោកប៉ុកតក់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀងក៍មិនអាចបានដែរ៕
Facebook Comments
Loading...